ខេត្តបន្ទាយមានជ័យ ៖ គួរឲ្យសោកស្ដាយណាស់ផ្ទះរបស់ពលរដ្ឋចំនួន៦ខ្នងត្រូវអគ្គិភ័យឆាបឆេះខ្ទេចខ្ទីអស់គ្មានសល់គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិសំរោង ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ។
នៅក្នុងស្ថានការណ៍នោះគេបានឃើញម្ចាស់ផ្ទះស្រែកទ្រហោយំ បោកប្រាណ ស្ដាយទ្រព្យសម្បត្តិដែលខំរកស៊ីរាប់ឆ្នាំមកហើយត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់តែមួយប៉ប្រិចភ្នែក ប៉ុន្តែទោះបីស្រែកយំយ៉ាងណាក៏ដោយអគ្គិភ័យនៅតែឆាបឆេះអស់គ្មានសល់ដែរ បន្សល់នូវទុក្ខសោកលំបាកវេទនាដោយសារតែអគ្គិភ័យនេះ។ ដូច្នេះសូមពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ចំពោះអគ្គិភ័យនេះ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះដែលអគ្គិភ័យឆាបឆេះដំបូងគេមានឈ្មោះ ប៊ុន ម៉ៅ អាយុ៦២ឆ្នាំ, ២-លោកមួង សេងគី ចុងភៅការ, ៣-លោកស្រី មួង សាវយិច ចុងភៅការ, ៤-លោកសាន់ លក់បាញ់ឆែវ, ៥-លោកជួយ ជាអាជីវករ និង៦-តាម៉ៅ ពិការជើង គ្រួសារទាំង៦នេះរស់ភូមិកើតហេតុ។
ពលរដ្ឋនៅជិតនោះបាននិយាយឲ្យដឹងថា : មុនពេលកើតហេតុនោះគេឃើញភ្លើងឆេះចេញពីផ្ទះឈ្មោះប៊ុន ម៉ៅ តែគេឃើញមានការជួយអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចចម្រុះ ក្នុងនោះមានកម្លាំងរដ្ឋបាលស្រុកមង្គលបុរី នគរបាលស្រុកមង្គលបុរី និងកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់និងពលរដ្ឋជិតខាងជួយពន្លត់ តែគ្រប់គ្រងស្ថានការណ៍មិនបានក៏រាលឆេះបន្តបន្ទាប់។ក្រោយមកគេឃើញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន និងស្រុកមង្គលបុរីចំនួន៧គ្រឿងនាំគ្នាជួយបាញ់ពន្លត់យ៉ាងយកចិត្តទុកដាក់រហូតជិត២ម៉ោងទើបគ្រប់គ្រងស្ថានការណ៍បានជាស្ថាពរដោយគ្មានរាលដាលដល់ផ្ទះអ្នកជិតខាងបន្តទៀតឡើយ។
សម្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា : ទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវភ្លើងឆេះទាំង៦ខ្នងអស់ទាំងស្រុងមិនដឹងថាគិតជាប្រាក់អស់ប៉ុន្មានមឺុនដុល្លារនោះទេ ហើយបើតាមអ្នកជំនាញបានធ្វើការសន្និដ្ឋានថាផ្ទះដែលឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីព្រោះនៅកន្លែងភ្លើងឆេះនោះមានខ្សែភ្លើងអនាធិបតេយ្យគ្មានសណ្ដាប់ធ្នាប់ច្រើនសម្បើមណាស់៕ដោយ៖វណ្ណា