ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែក្រុមហ៊ុន ដុកទ័រសុខភាពនិងសម្រស់ នាំផលិតផលឡេមកលក់ប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកាតុលាការ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់ ដែលជាថៅកែក្រុមហ៊ុន King Diamond World co.,ltd (ដុកទ័រសុខភាពនិងសម្រស់) តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ករណីរំលោភលើទំនុកចិត្ត ទៅលើម្ចាស់ក្រុមហ៊ុន EAMLO Import & Export Co.Ltd ដែលជាក្រុមហ៊ុន ចែកចាយ និងនាំចូលផ្តាច់មុខ នូវផលិតផលទុយោទឹក ម៉ាក ស្ពឺន និង ប្រូហ្វីត ពីរោងចក្រនៅប្រទេសម៉ាឡេស៊ី និងនាំឡេយកមកលក់ចែកចាយប៉ះពាល់ដល់សុខភាពអ្នកប្រើ។

យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ

បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ូច លក្ខិណា ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ០៣ ផ្លូវ ស៊ី ( C ) ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណជាង ៩យប់ ថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២០ នៅម្តុំវិមានឯករាជ្យខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា យោងតាមពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឡូ ឬទ្ធីភេទប្រុស អាយុ៣៣ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន ឈ្មោះ EAMLO Import & Export Co.Ltd បានរៀបរាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ូច លក្ខិណាមានបក្ខពួក ២នាក់ ទៀត ទី ឈ្មោះ ណៃ វិទូភេទប្រុស អាយុ២៥ឆ្នាំអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ ២១៤ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី ឈ្មោះ ម៉ែនមនោ ភេទប្រុសអាយុ៣៤ឆ្នាំ អាសយដ្ឋានបច្ចុប្បន្ននៅ ក្រុមហ៊ុន ហ៊ួត ជា ផ្លូវលេខ ១៩២៨ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យទាំង ៣នាក់ គឺជាបុគ្គលិករបស់ជនរងគ្រោះ ចូលបំរើការងារ ពីរបីឆ្នាំមកហើយ នៅក្នុងក្របខណ្ឌនៃការបំពេញមុខងារពួកគេទាំង៣នាក់បានចាប់ផ្តើមសកម្មភាព ប្រព្រឹត្តបទល្មើសចាប់តាំងពីអំឡុងខែមេសាឆ្នាំ២០១៩ ដោយធ្វើការអូសទាញ ញួសញុងបុគ្គលិកក្រុមហ៊ុនទាំងអស់ឲ្យឈប់ធ្វើការ រហូតអូសទាញអតិថិជនធំៗជាច្រើន ដូចជា៖ គម្រោង បុរីសង្ឃឹមថ្មី បុរី ចតុមុខ ស៊ីធី ដេប៉ូ ពៅ កន និង អតិថិជនផ្សេងៗទៀត ឲ្យបញ្ឈប់ការបញ្ជាទិញទំនិញពីក្រុមហ៊ុនរបស់ជនរងគ្រោះថែមទៀត។

ដើមបណ្តឹងបន្តថា បុគ្គលទាំង៣រូបនេះមានចិត្តទុច្ចរិតបានព្រួតដៃគ្នា ប្រើល្បិចកល់គ្រប់បែបយ៉ាងជាច្រើនទៀត គោលបំណងធ្វើយ៉ាងណាឲ្យក្រុមហ៊ុនរបស់ជនរងគ្រោះដួលរលំ ហើយពួកគេអូសទាញអតិថិជនទាំងអស់ ឲ្យមកទិញទំនិញទាំងនោះ នៅក្រុមហ៊ុនរបស់ពួកគេ ឈ្មោះដុកទ័រ សុខភាព និងសម្រប់ ដោយមានឈ្មោះ អ៊ូច លក្ខិណា និង ប្រពន្ធ ណៃ មួយអ៊ីម ជាប្រធានក្រុមហ៊ុនមួយនេះ។

ដោយឡែកជនខាងលេីក៏រងនូវបណ្ដឹងពីអតិថិជនដែលជាសាខាចែកចាយផលិតផលឡេនាំយកមកពីប្រទេសជប៉ុនផងដែរដោយសារតែផលិតផលទាំងអស់នោះពេលអតិថិជនទិញយកទៅប្រេីគឺប៉ះពាល់ស្បែករមាស់ឡេីងកន្ទួលជាដេីម។

ដោយអំពើទុច្ចរិតចង់ផ្តួលរំលំក្រុមហ៊ុនបែបនេះហើយ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងទៅដល់ស្ថាប័នតុលាការ កាលពីថ្ងៃទី៧ ខែតុលាឆ្នាំ២០១៩ដើម្បីតាមចាប់ជនសង្ស័យទាំង ៣នាក់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ប៉ុន្តែរហូតមកដល់យប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ទើបសមត្ថកិច្ចតាមស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបានតែម្តង

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ដោយ៖ស តារា


ចែករំលែក៖