ភ្នំពេញ៖ ផលិតករវ័យក្មេង លោក ចាន់ណា រ៉ូណាន បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីមានគណនីហ្វេសប៊ុក(Facebook Page)មួយបានយករូបថតនៃសកម្មភាពគ្រោះថ្នាក់ក្នុងឈុតសម្តែងមួយមកភ្ជាប់នឹងរូបថតមេនបូជាសពអមដោយសារដែលធ្វើឲ្យមានការយល់ច្រឡំ។ ព្រោះតែការបារម្ភ និងគិតច្រើនលើរូបភាពមិនពិតនេះបានធ្វើឲ្យលោកធ្លាក់ខ្លួនឈឺហើយត្រូវសាច់ញាតិបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២១ខែមិថុនា កន្លងទៅនេះគនីហ្វេសប៊ុកឈ្មោះ” កាមទេព លីមហុង” ឈ្មោះ “ខេវិន” និងគណនីជាច្រើនទៀតបានធ្វើការបង្ហោះរូបថតផលិតករ លោក ចាន់ណា រ៉ូណាន ក្នុងឈុតរងរបួសគ្រាដែលលោកថតភាពយន្តមួយកាលពីពេលកន្លងទៅ ដោយភ្ជាប់នូវរូបមេនអមដោយសារ ” មុតដែកគ្រឹះសរសេរសំណង់ ” និង “ទៅឲ្យបានសុខ”។ អ្នកជិតដិត នឹងផលិតកររូបនេះបានលើកឡើងថា លោក រ៉ូណាន មានជំងឺខ្សោយបេះដូងស្រាប់ ហើយបានគិតច្រើនអំពីរូបភាពទាំងនេះដែលធ្វើឲ្យគាត់គេមិនលក់ និងខ្វាយខ្វល់ច្រើន ខណៈដែលមិត្តភក្កិសាច់ញាតិជាច្រើនបានទំនាក់ទំនងមកដើម្បីសាកសួរដំណឹងនេះកាន់តែធ្វើឲ្យផលិតកររូបនេះមិនសប្បាយចិត្តរហូតធ្លាក់ខ្លួនឈឺ និងត្រូវបានសាច់ញាតិបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ផលិតកររូបនេះក៏ស្នើឲ្យម្ចាស់គណនីលុបចោលរូបភាពទាំងនេះដែលនាំឲ្យមានការយល់ច្រឡំដល់សាច់ញាតិ និងជាការប្រមាថជីវិតមកលើរូបលោកផងដែរ។ អ្នកគាំទ្រផលិតកររូបនេះជាច្រើនបានថ្លែងសាររិះគន់ទៅលើគេហទំព័រមួយចំនួនដែលបានប្រឌិតរឿងរ៉ាវប្លែកៗឲ្យមានការចាប់អារម្មណ៍ដើម្បីផលប្រយោជន៍បានពីការShre និង Like លើគេហទំព័ររបស់ខ្លួន ដោយមិនបានគិតពីក្រមសីលធម៍ និងភាពថ្លៃថ្នូរ ។
គួររំលឹកដែរថា លោក ចាន់ណារ៉ូណាន គឺជាតារាសម្តែង អ្នកនិពន្ធ និងដឹកនាំរឿងវ័យក្មេងដ៏មានប្រជាប្រិយ និងល្បីឈ្មោះ។ លោកធ្លាប់សាងស្នាដៃលេចធ្លោរជាច្រើនលើវិស័យសិល្បៈពិសេសការផលិតភាពយន្តខ្នាតធំជាច្រើនបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនិងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕ ដោយ ៖វឌ្ឍនា