ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ ដោយសារឆ្លងចរន្តអគ្គិសនី ធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបំផុត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីនៅចំណុចភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

     មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះទូច សល់ ភេទប្រុស  អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ការ៉េម មានទីលំនៅកន្លែងកើតហេតុ។

      ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើជនរងគ្រោះបានតភ្លើងពីផ្ទះរបស់ខ្លួនដាក់ចូលអាំងវែទ័រដើម្បីសាកអាគុយ​ ហើយរាយខ្សែភ្លើងដាក់លើរទេះលក់ការ៉េម​ ដោយរទេះការ៉េមធ្វើអំពីដែក ហើយខ្សែភ្លើងបានរលាយធ្វើឱ្យឆ្លងចរន្តឆេះដាច់មកប៉ះជនរងគ្រោះដែលអង្គុយនៅលើម៉ូតូរទេះលក់ការ៉េមរបស់ខ្លួនបណ្ដាលឲ្យឆក់ស្លាប់តែម្ដង ។

       ក្រោយទទួលបានព័ត៌មាន​ភ្លាមកម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍,​ក្រុមប្រឹក្សាឃុំ,​គ្រូពេទ្យ,​មេភូមិនិងក្រុមគ្រួសារបានធ្វើការពិនិត្យសាកសពមានស្នាមខ្លោចត្រង់ចំណុចក្បាលពោះ១កន្លែង ស្នាមខ្លោចត្រង់ចង្កេះ ស្នាមខ្លោចភ្លៅទាំងសងខាង ស្នាមខ្លោចមេជើងស្តាំ១កន្លែង ក្រៅពីនោះពុំមានស្នាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។

    ការសន្និដ្ឋាន: ជនរងគ្រោះស្លាប់ដោយសារត្រូវចរន្តអគ្គិសនីឆក់ប្រាកដមែន។ ក្រោយពីធ្វើការពិនិត្យរួច សាកសព​ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ


ចែករំលែក៖