សហព័ន្ធកីឡាវាយកូនហ្គោលលើទឹកកកអន្តរជាតិ ឬហៅម្យ៉ាងទៀតថា សហព័ន្ធកីឡាហុកគីអន្តរជាតិ (International Ice Hockey Federation) (IIHF) បានបើកកិច្ចប្រជុំសមាជប្រចាំឆ្នាំតាមប្រព័ន្ធអុីនធើណេតដើម្បីអនុម័តលើការកំណត់ម្ចាស់ផ្ទះ និងកំណត់ពេលសម្រាប់កម្មវិធីប្រកួតជើងឯកពិភពលោកឆ្នាំ២០២១ ។
ការប្រកួតជើងឯកវាយកូនគោលលើទឹកកកបុរសពិភពលោកឆ្នាំ២០២១ (IIHF-2021) នឹងប្រព្រឹត្តទៅទីក្រុង Minsk (ប្រទេសបេឡារូស) និងទីក្រុង Riga (ប្រទេសឡេតូនី) ចាប់ពីថ្ងៃទី២១ ខែឧសភាដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ខណៈទីក្រុងHalifax និង Truro របស់ប្រទេសកាណាដានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតស្ត្រីចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ។
កិច្ចប្រជុំក៏បានបញ្ជាក់ពីគុណវុឌ្ឍិសម្រាប់ការប្រកួតកីឡាវាយកូនហ្គោលលើទឹកកករបស់នារីអូឡាំពិកឆ្នាំ២០២០ ដែលនឹងចាប់ផ្តើមនៅខែធ្នូ ឆ្នាំនេះដើម្បីបំពេញកន្លែងនៅសល់ចំនួន៣ ដែលត្រូវផ្អាកកាលពីខែមីនាកន្លងទៅ។ ចំណែកប្រកួតជម្រុះអូឡាំពិកចុងក្រោយផ្នែកបុរស និងនារីនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ៕ដោយ៖ភារៈ