ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្ទឹងត្រែង មិនយូរទៀតទេ ច្រកទ្វារអន្ដរជាតិត្រពាំងក្រៀល នឹងបើកដំណើរការឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៣ ខែមិថុនាម្សិលមិញនេះ បានឲ្យដឹងថា មិនយូរទៀតនោះទេ ច្រកទ្វារអន្ដរជាតិត្រពាំងក្រៀល នឹងបើកដំណើរការឡើងវិញ ព្រោះបើតាមការពិនិត្យស្ថានភាពជាក់ស្ដែង ខេត្តចំប៉ាសាក់ និងខេត្តស្ទឹងត្រែងរបស់កម្ពុជា មិនមានបញ្ហាប្រឈមខ្លាំងជាមួយនឹងជំងឺកូវីដ១៩នោះទេ ហើយនៅច្រកព្រំដែនទៀតសោទ ក៏បានដាក់មន្ដ្រីសុខាភិបាលដើម្បីពិនិត្យសុខភាពជាប្រចាំផងដែរ ប៉ុន្តែលោកអភិបាលខេត្ត បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ច្រកទ្វារអន្ដរជាតិត្រពាំងក្រៀលមិនទាន់បើកដំណើរការឡើងវិញនៅឡើយទេ គឺនៅបន្ដបិទដដែល ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាល ជំងឺកូវីដ១៩ រវាងប្រទេសកម្ពុជា ជាមួយប្រទេសឡាវ

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តស្ទឹងត្រែង» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ម៉ុមសារឿន បានអះអាងថា ចំពោះការចរាចរណ៍ទំនិញទៀតសោទ ក៏មិនសូវមានច្រើននោះទេពោលមានបន្ដិចបន្ទួចប៉ុណ្ណោះ ព្រោះថាច្រកទ្វារអន្ដរជាតិនេះ មិនមែនជាច្រកសេដ្ឋកិច្ចខ្លាំង នៃការចរាចរណ៍ទំនិញនោះឡើយ។

លោក ម៉ុម សារឿន បានថ្លែងយ៉ាងដូច្នេះថា «ច្រកទ្វារព្រំដែនមកដល់ពេលនេះ យើងមិនទាន់បើកដំណើរការឡើងវិញទេ ហើយនៅច្រកនេះខាងភាគីឡាវគេបិទមុនយើង យើងបិទក្រោយគេតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល។ មកដល់ពេលនេះ យើងមិនទាន់បានបើកដោយសារខាងភាគីឡាវ ក៏មិនទាន់បើក យើងមិនទាន់ទទួលបានអ្វីជាផ្លូវការពីរាជរដ្ឋាភិបាល ដើម្បីបើកដំណើរការឡើងវិញ»

គួរបញ្ជាក់ថា បញ្ហាបើកច្រកទ្វារអន្ដរជាតិត្រពាំងក្រៀលឡើងវិញនេះកន្លងទៅរដ្ឋបាលខេត្តស្ទឹងត្រែង ក៏បានជំរុញទៅរដ្ឋបាលខេត្ដចំប៉ាសាក់ដែរប៉ុន្ដែភាគីឡាវនៅបង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនទាន់បង្ហាញគោលជំហរចង់បើកឡើងវិញនោះទេ ខណៈកម្ពុជា បានបង្ហាញគោលជំហររួចហើយថាចង់បើកដំណើរការឡើងវិញឆាប់ៗ ៕ដោយ៖ស តារា


ចែករំលែក៖