ព័ត៌មានទាន់ហេតុការណ៍៖

បារាំងបិទទ្វារសាលារៀន ២កន្លែងនៅទីក្រុងប៉ារីស ក្រោយមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់

ចែករំលែក៖

ប៉ារីស៖ សាលារៀននៅខណ្ឌទី១២ ដែលមានសិស្ស១៨០នាក់ និងសាលារៀនមួយខ្នងនៅខណ្ឌទី៤ មានសិស្ស២០០នាក់ ត្រូវបិទទ្វារក្រោយរកឃើញមានករណីឆ្លងកូវីដ-១៩។
កាលពីថ្ងៃទី២៤ ខែមិថុនា មន្ត្រីបារាំងបានស្នើឲ្យបិទទ្វារ សាលារៀន ពីរកន្លែងនៅទីក្រុងប៉ារីស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ប៉ុន្តែកការឆ្លងរាលដាល មិនទាន់ឈានដល់ដំណាក់កាលធ្ងន់ធ្ងរនៅឡើយទេ។
បារាំងបានអនុញ្ញាតឲ្យសាលារៀន បើកទ្វារឡើងវិញនៅថ្ងៃទី២២ខែមិថុនា ក្រោយរយៈពេលបិទទ្វារជាច្រើនខែ។ សាលារៀននៅខណ្ឌទី១២រកឃើញមានសិស្ស៣នាក់ បានឆ្លងកូវីដ-១៩។ តាមការលើកឡើងរបស់មន្ទីរសុខាភិបាល សាលារៀននៅខណ្ឌទី៤ ក៏ត្រូវបានស្នើឲ្យបិទសាលារៀនដល់ថ្ងៃទី៧ខែកក្កដា។ ក្រៅពីសាលារៀនទាំងពីរខាងលើ មិនមានសាលារៀនណាមួយផ្សេងទៀតត្រូវបិទទ្វារនោះឡើយ។
ជាមួយគ្នានេះដែរ អាកាសយានដ្ឋាន Orly ស្ថិតនៅភាគខាងត្បូងទីក្រុងប៉ារីស ប្រទេសបារាំង នឹងត្រូវដំណើរការឡើងវិញ នៅថ្ងៃទី២៦ខែមិថុនា។ តាមគម្រោង នៅថ្ងៃទី២៦ខែមិថុនា នឹងមានជើងហោះហើរដល់ទៅ៧០ជើង នឹងត្រូវហោះហើរទៅកាន់ទីតាំង ២៥កន្លែងនៅក្នុងតំបន់។ នៅពេលមិនទាន់មានការឆ្លងកូវីដ-១៩ អាកាសយានដ្ឋានខាងលើមានជើងហោះហើរដល់ទៅ៦០០ជើងក្នុងមួយថ្ងៃ៕ដោយ៖ធី រីណា


ចែករំលែក៖