ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីវ័យក្មេងទទួលបានការគាំទ្រខ្ពស់ក្នុងការដឹកនាំប្រទេសហ្វាំងឡង់

ចែករំលែក៖

ក្នុងវ័យ៣៤ឆ្នាំ លោកស្រី Sanna Marin ក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតនៅប្រទេសហ្វាំងឡង់។ ក្នុងនាមជាប្រមុខដឹកនាំ ប្រទេសមួយលោកស្រីបានផ្តោតទៅលើការលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងគាំទ្រដល់អ្នកស្រឡាញ់ភេទដូចគ្នា។
លោកស្រីSanna Marin បានស្បថចូលកាន់តំណែង នាយករដ្ឋមន្ត្រីកាលពីចុងខែធ្នូ ឆ្នាំ២០១៩ ។ លោកស្រីត្រូវបានគេវាយតម្លៃថា ជាមនុស្សមានសកម្មភាព និងគោលនយោបាយមឺុងម៉ាត់ ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ និងជាអ្នកជំរុញឲ្យមានសិទ្ធិស្មើភាពគ្នារវាងបុរសនិឹងស្ត្រី ។
ឪពុកម្តាយ លោកស្រី Sanna Marin បានលែងលះគ្នា ហើយលោកស្រីធំឡើងក្រោមការមើលថែពីម្តាយ និងពីមិត្តភក្តិស្រីរបស់ម្តាយ។ តាំងពីដើម លោកស្រី Sanna Marin បានគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា។
លោកស្រី Sanna Marinបានឈានជើងចូលប្រឡូកក្នុងវិស័យនយោបាយ ចាប់តាំងពីអាយុ២០ឆ្នាំ មកម៉្លេះ។ មកដល់ដល់អាយុ២៧ឆ្នាំ លោកស្រីបានក្លាយជាអភិបាលក្រុង Tampere ដែលជាទីក្រុងស្រុកកំណើតរបស់លោកស្រី។ ៣ឆ្នាំក្រោយមក លោកស្រីក៏ត្រូវបានតែងតាំងធ្វើជារដ្ឋមន្ត្រីក្រសួងចរាចរណ៍។
ឈានចូលវ័យ៣៤ឆ្នាំ លោកស្រីក៏បានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេង ដឹកនាំប្រទេសហ្វាំងឡង់។
លោកស្រី Sanna Marin បានបង្ហាញពីគន្លិឺះដែលជួយឲ្យខ្លួនលោកស្រីទទួលបានជោគជ័យ ក្លាយជាមេដឹកនាំវ័យក្មេងបំផុតនៅលើពិភពលោកនោះគឺការខិតខំធ្វើការអស់ពីសមត្ថភាព។ ជាមួយគ្នានេះលោកស្រីតែងតែផ្តោតទៅលើ បណ្តាញសង្គម ដែលជាប្រព័ន្ធព័ត៌មានជួយឲ្យលោកស្រីអាចដឹងពីស្ថានភាពប្រទេសជាតិ និងកាន់តែជិតស្និទ្ធជាមួយពលរដ្ឋ ។
ក្នុងពេលពិភពលោកឆ្លងរាលដាលកូវីដ-១៩ លោកស្រីនាយករដ្ឋមន្ត្រី បានចាត់វិធានការទាន់ពេលវេលាទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងប្រទេសរបស់ខ្លួន។ ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ហ្វាំងឡង់បានអនុម័តកញ្ចប់ជំនួយសេដ្ឋកិច្ច១៥ពាន់លានអឺរ៉ូ ៕ដោយ៖ធី រីណា


ចែករំលែក៖