ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលទីក្រុងតូក្យូ សម្រេចជាផ្លូវការលុបចោលផែនការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលអាមេរិក Aegis ពីរទីតាំង

ចែករំលែក៖

អន្តរជាតិ៖ លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីការពារជាតិជប៉ុនបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋាភិបាលទីក្រុងតូក្យូ បានសម្រេចចិត្តលុបចោលផែនការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលអាមេរិក អេជីស (Aegis) នៅឯទីតាំងចំនួន ០២ នៅក្នុងប្រទេសជប៉ុន

លោក រដ្ឋមន្ត្រីការពារជាតិជប៉ុន បញ្ជាក់ទៀតថា ការសម្រេចចិត្តខាងលើត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ កាលពីថ្ងៃពុធម្សិលមិញ។ លោក តារ៉ូ កូណូក៏បានការប្រកាសរួចហើយដែរ កាលពីសប្ដាហ៍មុនថា ការដាក់ប្រព័ន្ធមីស៊ីល Aegis នៅក្នុងខេត្ត យ៉ាម៉ាហ្គូឈិ(Yamaguchi) និងខេត្ត អាគិតា (Akita) អាចនឹងត្រូវបានលុបចោលដោយសារបញ្ហាបច្ចេកទេស និងតម្លៃសម្រាប់ការដំឡើង ខណៈជប៉ុនកំពុងផ្ដោតលើ ការដោះស្រាយវិបត្តិ COVID-19

គួរបញ្ជាក់ថា ជប៉ុនបានសម្រេចចិត្តថា នឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលAegis ចំនួនពីរដែលផលិតដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៧។ប៉ុន្តែផែនការនេះ បានជួបបញ្ហាជាបន្តបន្ទាប់ ជាពិសេសគឺការប្រឆំាងជំទាស់ពីប្រជាជននៅក្នុងតំបន់ ដែលព្រួយបារម្ភពីការរំខានដល់ការរស់នៅរបស់ពួកគេនៅពេលប្រព័ន្ធមីស៊ីលនេះត្រូវបានដំឡើង៕ដោយ៖ស តារា


ចែករំលែក៖