ឧត្តរមានជ័យ៖ ពលរដ្ឋខ្មែរ៣នាក់ ក្រោយជាប់ទោសជិត៥ឆ្នាំ ក្នុងទឹកដីថៃពីបទឆ្លងដែនខុសច្បាប់ ត្រូវបានអាជ្ញាធរថៃបញ្ជូនខ្លួនមកឱ្យកម្ពុជាវិញ តាមច្រកអន្តរជាតិជាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះថា ប្រជាពលរដ្ឋខ្មែរទាំង៣នាក់នេះរួមមានទី១៖ ឈ្មោះ គង់ ផេន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅស្រុកសំឡូតខេត្តបាត់ដំបង ,ទី២៖ ឈ្មោះ ផុន ហុន ភេទ ប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិកញ្ជាំង ឃុំស៊ុមមួយ ស្រុកសំឡូត ខេត្តបាត់ដំបង ,និងទី៣៖ ឈ្មោះ ម៉ម វិតភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិពាមឯកឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា ប្រជាពលរដ្ឋខ្មែរទាំង៣នាក់ ដែលថៃបញ្ជូនមក ត្រូវបានថៃចាប់ខ្លួននៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ចូលតាមច្រកចំការគរ ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងយកទៅឃុំខ្លួននៅខេត្តអំណាចចារើន ប្រទេសថៃ។
បច្ចុប្បន្ន ក្រោយពីបានត្រួតពិនិត្យសុខភាព ស្វែងរកជំងឺកូវីដ-១៩ និងសម្អាតខ្លួនប្រាណដោយទឹកអាល់កុលពីមន្ត្រីចត្តាឡីស័កប្រចាំច្រករួចមកសមត្ថកិច្ចបានធ្វើការអប់រំ ណែនាំឱ្យបញ្ឈប់សកម្មភាពឆ្លងដែន ខុសច្បាប់តទៅទៀត និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕ដោយ៖ស តារា