ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាអស្ចារ្យមែន! «អណ្តូងស្តេច» ស្ថិតនៅក្នុងកោះកុង ដែលមានទឹកសមុទ្រជុំវិញ បែរជាមានអណ្តូងទឹកសាប នៅកណ្ដាលសមុទ្រ

ចែករំលែក៖

កោះកុង៖ នៅក្នុងប្រទេសយើង មានកន្លែងកម្សាន្តនានានៅក្នុងប្រទេសគឺតែងតែមានប្រភពដើមកំណើត និងប្រវត្តិនៃទីកន្លែងមួយនោះមិនថានៅតាមបណ្តាខេត្ត ឫក៏នៅក្នុងទីក្រុងភ្នំពេញនោះឡើយ មិនត្រឹមតែប៉ុណ្ណោះ កន្លែងកម្សាន្តនានា ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ

ជាក់ស្តែងរឿងបុរាណមួយ ដែលមានតាំងតែពីយូរលង់ណាស់មកហើយដែលមើលទៅគឺអស្ចារ្យបំផុត ដោយកន្លែងនោះគឺគេតែងតែហៅថា«អណ្តូងស្តេច» ដោយកន្លែងមួយនេះពិតជាប្លែក ប្រិយមិត្តទាំងអស់គ្នាសឹងតែមិននឹកស្មានមិនដល់នោះទេ នៅពេលដែលបានដឹងរឿងរ៉ាវខ្លះៗដែលទាក់ទងនឹងរឿងអណ្តូងដ៏អស្ចារ្យ និងចម្លែកមួយនេះ។ ដោយចំណុចពិសេសដែលទាក់ទាញនោះ គឺរឿងរ៉ាវ និងប្រវត្តិខ្លះៗមុននឹងកកើតបានអណ្តូងនេះឡើងដែលគេតែងហៅថាអណ្តូងស្តេចនោះ យើងនឹងប្រាប់ពីប្រវត្តិខ្លះៗដែលទាក់ទងនឹងអណ្តូងនេះនៅលើទឹកដី កោះស្តេចនៅខេត្តកោះកុង ដែលជាខេត្តដែលសម្បូរកោះជាងគេ ជាងខេត្តដទៃ។

យោងតាមសម្តីអ្នករស់នៅលើកោះនោះ បាននិយាយថា កោះស្ដេចមួយនេះមានអណ្ដូងបុរាណមួយ ហៅថាអណ្ដូងអ្នកត្រង់ «អ្នកសច្ចំ» ដែលមុននឹងកើតជាអណ្តូងនេះឡើង ក៏មានប្រវត្តិថា កាលពីដើមឡើយមានស្ដេច ព្រះអង្គ ទ្រង់បានយាងមកកាន់កោះមួយនេះ ដោយមានព្រះរាជបរិពារ តាមដង្ហែអមជាច្រើនផង ដោយនៅទីនេះ ជុំវិញមានតែទឹកសមុទ្រ ដែលមានរសជាតិប្រៃ និងមិនមានទឹកសាបសោយពុំបានទើបព្រះអង្គទ្រង់អធិដ្ឋានហើយយកព្រះខាន់ជីកដីនៅកន្លែងនេះធ្វើជាអណ្ដូង ទឹកសាបក៏ចេញមក និងព្រះរាជបរិពារក៏បានសោយឆ្អែត ដំណើរតមក អណ្ដូងនោះក៏រឹងទៅជាថ្មហើយក៏គេបានហៅតៗគ្នាថា «អណ្តូងស្តេច» នេះ។

តែអ្វីដែលកាន់តែចម្លែក និងពិសេសនោះគឺ មកទល់នឹងបច្ចុប្បន្ន នៅជុំវិញអណ្តូងមួយនេះគឺមានតែទឹកប្រៃប៉ុណ្ណោះ ក៏ប៉ុន្តែទឹកនៅក្នុងអណ្តូងនេះបែរជាមានទឹកសាប ដែលវាពិតជាប្លែក និងមិនគួរឲ្យជឿទាល់តែសោះ លើសពីនេះទៅទៀត ទោះបីជាមានរលក វាយបក់ ទឹកសមុទ្រចូលនៅក្នុងអណ្តូងមួយនេះក្តី ក៏ទឹកនៅក្នុងអណ្តូងនៅតែសាបដដែល។

លើសពីនេះទៅទៀតនោះគឺ អណ្តូងមួយនេះ មិនចេះរីងស្ងួតទាល់តែសោះទោះបីជាមានគេបូមយកទៅប្រើប្រាស់ច្រើនយ៉ាងណាក្តី។ជាពិសេសនៅពេលមើលពីខាងលើ ហាក់ដូចជា ឃើញតែទឹកបន្តិចតែប៉ុណ្ណោះ តែសម្រាប់ទំហំអណ្ដូងនេះគឺទទឹងមាត់ប្រហែល ៤០សង់ទីម៉ែត្រ ជម្រៅប្រហែល ៥០ សង់ ទីម៉ែត្រ និងមានទឹកចេញច្រើនជាប្រចាំ ហើយជាទឹកសាបបែបនេះ ដែលទាំងនេះ អាចនិយាយបានថា ជារឿងចម្លែក និងមិនចង់ជឿទាល់តែសោះ។

បច្ចុប្បន្ននេះដែរ នៅក្បែរអណ្តូងមួយនេះក៏មានផ្ទះប្រជាជនរស់នៅប៉ុន្មានគ្រួសារប៉ុណ្ណោះ ដោយគ្រួសារខ្លះក៏បូមទឹកមួយនេះ យកទៅប្រើប្រាស់ជាប្រចាំដែរ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋនៅទីនោះ បាននិយាយថាទឹកដែលពួកគេ បានយកចេញពីអណ្តូង គឺលក្ខណៈទឹកថ្លាស្អាត ហើយពេលពួកគេ យកទៅងូត មិនមានបញ្ហា ឬប្រតិកម្មស្បែកអ្វីនោះទេ បើទោះបីជាអណ្តូងនោះ មានទឹកយូរឆ្នាំក៏ដោយ។

បើប្រៀបធៀបទៅនឹងអណ្តូងធម្មតាវិញ បើជាទុកយូ វានិងប្រែជារីងស្ងួតរីឯទឹកវិញប្រែជាខ្មៅ មានសត្វល្អិតផ្សេងៗតែសម្រាប់អណ្តូងមួយនេះពិតជាប្លែកជាងគេត្រង់ចំណុចនេះ ព្រោះមានទឹកចេញជារៀងរហូត ទោះមានអាយុច្រើនឆ្នាំក្តី។ មានតែអ្នកដែលរស់នៅទីនោះប៉ុណ្ណោះដែលដឹងពីប្រវត្តិ ក៏ដូចជារឿងចម្លែករបស់អណ្តូងមួយនេះ ប្រសិនបើអ្នកនៅកន្លែងផ្សេងក្រៅពីនេះប្រាកដជាមិនដឹងថាមានអណ្តូងបែបនេះនៅប្រទេសយើងនោះទេ។

សូមជម្រាបថា មុននឹងទៅដល់អណ្តូងស្តេចមួយនេះ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវតែជិះកាណូតដើម្បីមកកាន់ទឹកដីកោះស្តេចសិននៅពេលដែលទៅដល់ទីនោះហើយ ក៏មានគ្រួសារ និងអ្នកអាជីវកម្មមួយចំនួន មានការលក់ដូរជាច្រើននៅតាមផ្ទះផងដែរ ហើយអ្វីដែលប្លែកភ្នែកនោះយើងនឹងឃើញនូវទេសភាពនៅជុំវិញខ្លួន សុទ្ធតែជាទឹកសមុទ្រយ៉ាងខៀវព័ន្ធជុំវិញមើលទៅគ្មានប្រភពទឹកសាបប្រើប្រាស់នោះទេ ប៉ុន្តែអ្វីដែលយើងគិតថាអស្ចារ្យនោះ គឺវាមានទឹកអណ្តូងមួយមានទឹកសាបទៅវិញហេតុនេះហើយទើបមានការងឿងឆ្ងល់រហូតដល់បច្ចុប្បន្ននេះ៕ដោយ៖សហការី


ចែករំលែក៖