ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់សង្ស័យជំងឺឆ្កួតជ្រូកធ្វើទុក្ខលង់ទឹកបៀស្លាប់គ្មានអ្នកដឹង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញលង់ទឹកបៀខាងកើតផ្ទះប្រមាណ៥០០ម៉ែត្របង្កការភ្ញាក់ផ្អើលនិងប្រញាប់ប្រញាល់ជួយសង្គ្រោះនិងរាយការណ៍ទៅសមត្ថកិច្ចជំនាញដើម្បីឱ្យមកពិនិត្យសព។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី២៨ ខែមិថុនាឆ្នាំ ២០២០ នៅចំណុចភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបាន ឱ្យដឹងថា ក្មេងប្រុសខាងលើនេះមានឈ្មោះតុន ឡុង អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុ។

ប្រភពបន្តថា សមត្ថកិច្ចជំនាញបានមកពិនិត្យសពជាមួយគ្រូពេទ្យជាងមួយម៉ោងទើបសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកបៀប្រាកដមែន  មិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។

បើតាមក្រុមគ្រួសារ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កូនប្រុសគាត់មានជំងឺប្រចាំកាយ(ឆ្កួតជ្រូក)យូរឆ្នាំមកហើយដោយក្រុមគ្រួសារធ្លាប់បានយកទៅព្យាបាលនៅមន្ទីរពេទ្យដែរប៉ុន្តែនៅមិនបានធូរស្រាលសោះនិងធ្វើទុក្ខម្ដងៗទើបចេះតែបណ្ដែតបណ្ដោយរហូតដល់ព្រឹកនេះតែម្ដង។

សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដូលបំផុត ៕ យឹម សុថាន


ចែករំលែក៖