ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​៥៣​នាក់ ត្រូវបាន​ប៉ូលិស​ក្រុង​ហុងកុង​ឃុំខ្លួន ​ពីបទ​ជួបប្រជុំ​គ្នាខុសច្បាប់

ចែករំលែក៖

អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្ស៥៣នាក់ ត្រូវបានប៉ូលិសក្រុងហុងកុងឃុំខ្លួនពីបទជួបប្រជុំគ្នាខុសច្បាប់ខណៈដែលពលរដ្ឋហុងកុងបានចេញមកបាតុកម្មសារជាថ្មី នៅថ្ងៃទី២៨ ខែមិថុនាកន្លងទៅនេះ ដើម្បីប្រឆាំងនឹងសេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុង

សូមជម្រាបថា សេចក្តីស្នើច្បាប់ដ៏ចម្រូងចម្រាស់របស់ទីក្រុងហុងកុង នឹងត្រូវគណៈអចិន្ត្រៃយ៍សភាប្រជាជនចិនអនុម័តនៅថ្ងៃទី៣០ ខែមិថុនានេះ ពោលគឺមុនថ្ងៃខួបអង់គ្លេសប្រគល់ទឹកដីហុងកុងឲ្យមកចិនវិញ នៅថ្ងៃទី ខែកក្កដា ដោយសារជាសំណើច្បាប់ ដែលអនុម័តមិនឆ្លងកាត់សភាហុងកុង និងជាសំណើច្បាប់ដែលត្រូវបានគេជឿថា បន្ថយសិទ្ធិសេរីភាពនៅក្នុងទីក្រុងប្រជាជនហុងកុង បានចេញមកបាតុកម្មម្តងហើយម្តងទៀត ដើម្បីប្រឆាំងនឹងការបង្កើតច្បាប់នេះ

ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន នៅថ្ងៃទី២៨ខែមិថុនា ប្រជាជនហុងកុងជាច្រើននាក់ បានចេញមកបាតុកម្មម្តងទៀត នៅលើផ្លូវ Nathan ក្នុងតំបន់ Kowloon ដោយអមជាមួយនឹងសំឡេងស្រែកទាមទារឲ្យទីក្រុងប៉េកាំងឈប់ជ្រែជ្រែកក្នុងកិច្ចការហុងកុង ទម្លាក់ការអនុម័តច្បាប់សន្តិសុខជាតិហុងកុងចោលជាដើម នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post​

ប៉ូលិសហុងកុង បានអះអាងថា មនុស្សយ៉ាងហោចណាស់ ៥៣នាក់ត្រូវគេឃុំខ្លួន ពីបទ «​ការជួបប្រជុំខុសច្បាប់​»​ ពីដំបូងឡើយប៉ូលីសហុងកុង បានព្រមានក្រុមបាតុករ ឲ្យបំបែកក្រុមបាតុកម្មរបស់ខ្លួន ប៉ុន្តែដោយសារតែបាតុករហុងកុងបដិសេធ ទើបប៉ូលិសឈានទៅដល់ការចាប់ខ្លួនតែម្តង

ដោយឡែកសមាជិកក្រុមប្រឹក្សាសង្កាត់ពីររូប ដែលត្រូវបានគេចាប់ខ្លួននោះមានដូចជា លោក Ben Lam Siu-pan សមាជិកក្រុមប្រឹក្សាសង្កាត់ Yau Tsim Mong និងលោក Andy Chui Chi-kin សមាជិកក្រុមប្រឹក្សាសង្កាត់Eastern រហូតដល់ម៉ោង ល្ងាចថ្ងៃដដែល ក្រុមបាតុករហុងកុង បានបំបែកក្រុមបណ្តើរៗ ហើយប៉ូលិស ក៏បានចាកចេញពីទីតាំងនោះខ្លះដែរ

គួរបញ្ជាក់ថា នៅថ្ងៃទី ខែកក្កដាខាងមុខនេះ គឺជាខួបដែលអង់គ្លេសចុះកិច្ចព្រមព្រៀងប្រគល់ទឹកដីហុងកុង ត្រលប់មកឲ្យចិនវិញ នៅចំថ្ងៃខួបនេះ ប៉ូលិសក្រុងហុងកុង ក៏បានហាមឃាត់ការជួបជុំរបស់ប្រជាជន ក្នុងការប្រារព្ធខួបនេះដែរ ហេតុផលនៃការហាមឃាត់នេះ គឺការពារការរាតត្បាតនៃCOVID-19 និងរក្សាគម្លាតរបស់ប្រជាជននៅក្នុងទីក្រុងផងដែរ៕ដោយ៖ស តារា


ចែករំលែក៖