ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារយ៉ាងរន្ធត់ទៅលើទីតាំង ផ្សារភាគហ៊ុនរបស់ប៉ាគីស្ថាន

ចែករំលែក៖

ប្រទេសប៉ាគីស្ថាន៖ខ្មាន់កាំភ្លើង​បានប្រើប្រាស់ គ្រាប់បែកនិងកាំភ្លើង​បាញ់ប្រហារទៅលើទីតាំងផ្សារភាគហ៊ុន​នៅក្នុងទីក្រុងការ៉ាជី ប្រទេស​ប៉ាគីស្ថាន នាថ្ងៃទី ២៩ ខែមិថុនានេះ។ នៅក្នុងការបាញ់ប្រហារនោះ មានមន្ត្រីប៉ូលិស​ម្នាក់ស្លាប់និងសន្តិសុខពីរនាក់រងរបួស។
សូមបញ្ជាក់ផងដែរថា អគារទីផ្សារមូលបត្រ​ដែលរងការវាយប្រហារនេះ គឺទទួលបានការយាមល្បាតយ៉ាងតឹងតែងបំផុត ដោយនៅទីនោះមានទីតាំងធនាគារឯកជនជាច្រើន​។​ ទីតាំងផ្សារហ៊ុន (មូលបត្រ)​នៅក្នុងទីក្រុងការ៉ាជី មានអាយុកាលយូរបំផុត និងធំបំផុតរបស់ប៉ាគីស្ថាន​។
សារព័ត៌មានរ៉យទ័របានដកស្រង់​សម្តីស្នងការប៉ូលិសទីក្រុងការ៉ាជី លោកGhulam Nabi Memon ដែលបានបញ្ជាក់ថា «មានខ្មាន់កាំភ្លើង៤នាក់​ត្រូវបានសម្លាប់​ ខ្មាន់កាំភ្លើងទាំងនោះមកកាន់ទីតាំង​វាយប្រហារដោយប្រើរថយន្តកូរ៉ូឡា ពណ៌ខៀវ»។ ក្រុមជំនាញដោះមីន ក៏ដូចជាកម្លាំងប្រឆាំងភេរវកម្មក៏បានបញ្ជូនទៅកាន់ទីតាំងខាងលើផងដែរ។
លោក Rizwan Ahmend អ្នកនាំពាក្យកម្លាំងប៉ូលិសប៉ាគីស្ថាន​បានឲ្យដឹងថា ខ្មាន់កាំភ្លើងបានឡើងគម្រោងជាយូរណាស់មកហើយក្នុងការវាយប្រហារទៅលើទីតាំង​ ផ្សារហ៊ុនរបស់ប៉ាគីស្ថាន៕ដោយ៖ធី រីណា


ចែករំលែក៖