ខេត្តស្វាយរៀង ៖ ដោយមានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងតឹងរ៉ឹង ប្រជាពលរដ្ឋខេត្តស្វាយរៀង ក៏បានសម្រុកមកធ្វើការផ្លាស់ប្ដូរផ្ទេរកម្មសិទ្ធិរថយន្ត បន្ទាប់ពីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបញ្ចប់ឱសានវាទផ្ទេរកម្មសិទ្ធិពីម្ចាស់ដើមមកឲ្យអ្នកកាន់កាប់ប្រើប្រាស់ថ្មី ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដើម្បីបញ្ចៀសកំហុសឆ្គងដោយប្រការណាមួយដែលច្បាប់បានហាមឃាត់ប្រើប្រាស់យានយន្តមិនប្រក្រតី។
បើតាមមន្ត្រីការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងបានឲ្យដឹងថា នៅក្នុងមួយរយៈពេលដែលក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសឲ្យម្ចាស់យានយន្តថ្មីមកកាត់ឈ្មោះប្ដូរសិទ្ធិប្រើប្រាស់រថយន្តរវាងម្ចាស់ដើមនិឹងអ្នកថ្មី ហើយបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋក្នុងខេត្តនៅបន្តមកធ្វើការផ្លាស់ប្ដូរទទួលសិទ្ធិកាន់កាប់ប្រើប្រាស់រថយន្តថ្មីមានការកើនឡើងច្រើនខុសពីប៉ុន្មានថ្ងៃមុន។
ចំពោះលទ្ធផលការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដោយប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង បានត្រួតពិនិត្យ និងផ្តល់ជូនវិញ្ញាបនបត្រ ដល់យានយន្តសរុបចំនួន១,០២៨គ្រឿង ។
ប្រភពបន្តថា ច្បាប់ផ្លាស់ប្ដូរសិទ្ធិប្រើប្រាស់រថយន្តមិនមានកំណត់ និងបង្ខំឲ្យត្រូវតែប្តូរនោះទេ តែបើពលរដ្ឋទាំងអស់គ្នា យល់ថាច្បាប់មានអានុភាពកម្រិតណាគួរតែទៅធ្វើការផ្លាស់ប្ដូរយកឈ្មោះថ្មីមកប្រើប្រាស់ផ្ទាល់ខ្លួនវាល្អជាង។
សូមបញ្ជាក់ថា ខេត្តស្វាយរៀងជាខេត្តដែលរាជរដ្ឋាភិបាលបានផ្តល់ប្រព័ន្ធផ្លូវ កៅស៊ូ ផ្លូវបេតុង ផ្លូវក្រួសក្រហម និងផ្លូវខ្សាច់ភ្នំពាសពេញស្រុក-ក្រុងទាំង៨ រហូតមកដល់បច្ចុប្បន្ន ពលរដ្ឋបានប្រើប្រាស់ផ្លូវនៅគ្រប់តំបន់ ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងគួរព្រួយបារម្ភ ព្រោះតែអ្នកប្រើប្រាស់ផ្លូវផ្គើន មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោកក្នុងការបើកបរ ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ ៕ យឹម សុថាន