ព័ត៌មានទាន់ហេតុការណ៍៖

លោក ផាន់ ចាន់ធុល នាំយកថវិកា ជាង ៧០លានរៀល របស់សប្បុរសជន ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

ចែករំលែក៖

ប៉ៃលិន៖ ដើម្បីចូលរួមអបអរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ ” ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា “ 

នៅព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០នេះលោក  ផាន់  ចាន់ធុល អភិបាលខេត្តប៉ៃលិននិងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកថវិកាសប្បុរសធម៌ ចំនួន ៧៤,៦៣៥,០០០រៀលដែលបានមកពីការចូលរួមឧបត្ថម្ភរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នជុំវិញខេត្ត និងសប្បុរសជននានាមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីទុកសម្រាប់ជួយទ្រទ្រង់បន្តដល់សកម្មភាពមនុស្សធម៌នៅក្នុងខេត្តឲ្យកាន់តែមានប្រសិទ្ធភាពគុណភាពនិងភាពរស់រវើក។

លោក ផាន់ ចាន់ធុល បានមានប្រសាសន៍ឱ្យដឹងថា៖ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាពេលនេះ គឺជាទឹកចិត្តសប្បុរស និងក៏ជាវប្បធម៌ នៃការចែករំលែកជួយគ្នា ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

លោក បានមានប្រសាសន៍បន្តថា៖ថ្វីត្បិតកម្ពុជាបច្ចុប្បន្នក៍ជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗទៀតលើសកលលោក ដែលបានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក៏ដោយប៉ុន្តែថវិកាដែលយើងប្រមូលបាននៅតែមានចំនួនច្រើន នេះសបញ្ជាក់អោយឃើញពីការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់និងសប្បុរសជននានាក្នុងការរួមចំណែកលើវិស័យមនុស្សធម៌។

លោក សៅ  សារ៉ាត់អនុប្រធានគណៈកម្មាធិការ  សាខា កាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិនបានសម្តែងនូវការគោរពកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ និងសប្បុរសជននានា ដែលជារៀងរាល់ឆ្នាំបានលះបង់ធនធានថវិកាផ្ទាល់ក្នុងការចូលរួមជាមួយកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗបានទាន់ពេលវេលា។

លោកអនុប្រធាន ក្នុងនាមគណៈកម្មាធិការសាខាកាកបាក្រហមកម្ពុជាខេត្តនឹងចាត់ចែងប្រើប្រាស់ថវិកាទាំងអស់នេះ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និងចំគោលដៅ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមជាពិសេសដើម្បីបម្រើសេចក្តីត្រូវការរបស់ជនរងគ្រោះដោយគ្រោះថ្នាក់ធម្មជាតិគ្រោះមហន្តរាយផ្សេងៗនិងការការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕

ដោយ៖ស សារ៉េត


ចែករំលែក៖