ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ រិះគន់ ប៉ូលិសក្បាលកោះ ថា ប្រើអំពើហិង្សា លើជនសង្ស័យគ្រឿងញៀន តែ លោកអធិការ ឆ្លើយតប ថា ដោយសារជនសង្ស័យរើបម្រាស់មិនសហការជាមួយសមត្ថកិច្ច (មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖មានការបែកធ្លាយវីដេអូមួយ នាពេលថ្មីៗនេះ ដោយបង្ហាញពីសកម្មភាពរបស់ប៉ូលិសប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ប្រើអំពើហិង្សាលើជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ដោយជាន់.ក ផង ទាត់ធាក់ ចំពោះមុខប្រជាពលរដ្ឋ នាំអោយមានការរិះគន់យ៉ាងខ្លាំងក្លា ។ 

បញ្ហានេះ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ថ្លែងប្រាប់នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះ ថា បញ្ហានេះ គឺ សមត្ថកិច្ចអនុវត្តច្បាប់ តែដោយសារជនសង្ស័យរើបម្រាស់ និង ប្រតាយប្រតប់ជាមួយសមត្ថកិច្ច ទើបឈានដល់ការប្រើវិធានការក្តៅតែម្តង ។ 

លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ថ្លែងប្រាប់ ទៀតថា ជនសង្ស័យមិនព្រមឡើងម៉ូតូសមត្ថកិច្ច តាមសម្រួលឡើយ ហើយសមត្ថកិច្ចរកឃើញគ្រឿងញៀន១កញ្ចប់ ដែលបច្ចុប្បន្នជនសង្ស័យកំពុងស្ថិតនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីបន្តនីតិវិធី ។

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ «Phon Nary» បានសរសេរថា «លើសហើយលោកប៉ូលសសង្កាត់ក្បាលកោះ ធ្វើទារុណកម្មលើប្រជាពលរដ្ឋយ៉ាងព្រៃផ្សៃហើយបែរជាប្រាប់អ្នកសារព័ត៌មានថា ជនរងគ្រោះតដៃ ។ កុំភ្លេចថា ភ្នែកប្រជាពលរដ្ឋច្រើនណាស់ ខ្ញុំជាស្រ្តីមេមាយគ្មានទីពឹងទេ មានតែសុំឲ្យបងប្អូនខ្មែរយើងជួយចែកចាយបន្តដើម្បីឲ្យសម្តេចនាយករដ្ឋមន្រ្តីបានឃើញ ជួយរកយុត្តិធម៌អោយប្រជាពលរដ្ឋផង»៕

ដោយ៖ចេស្ដា


ចែករំលែក៖