ខេត្ដប៉ៃលិន៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តប៉ៃលិនចាប់ឃាត់ខ្លួនក្នុងករណីចាប់រំលោភកូនដើមរបស់ប្រពន្ធ ។
ចំពោះករណីនេះក្រោយពីបានទទួលពាក្យបណ្ដឹងរួច ក្រោមការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ សេង សុគន្ធ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដប៉ៃលិន លោកស្រីវរសេនីយ៍ទោ ស ចិន្ដា ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័របានចាត់ឲ្យលោកវរសេនីយ៍ទោ កន សារុន នាយការិយាល័យដឹកនាំកម្លាំងចុះធ្វើការនាំខ្លួនជនសង្ស័យពីបទរំលោភសេពសន្ថវៈទៅលើអនីថិជនគឺកូនដើមរបស់ប្រពន្ធខ្លួនរហូតបានសម្រេចចំនួន២នាក់គឺម្នាក់បាន១ដង ខណៈម្តាយជាប់រវល់ចេញទៅធ្វើការ ។
សមត្តកិច្ចនគរបាលជំនាញនៃស្នងការដ្ឋានខេត្តបានឱ្យដឹងថា ហេតុការណ៍ដែលឈានដល់ចាប់ឃាត់ខ្លួនសង្ស័យជាឪពុកចុងនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២០ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្តកិច្ចជំនាញបានបន្តថា ជនសង្ស័យដែលបានចាប់រំលោភកូនដើមរបស់ប្រពន្ធនេះមានឈ្មោះ វន ឃីម ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាឪពុកចុង រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
សមត្តកិច្ចបន្តទៀតថាពេលម្ដាយមកពីធ្វើការវិញដោយឃើញសភាពកូនស្រីទាំង២នាក់មុខមិនស្រួលក៏បានសួរនាំនាងទាំង២នាក់ថាមានរឿងអ្វី? តែកូនស្រីទាំង២នាក់មិនហ៊ានប្រាប់ព្រោះភ័យខ្លាចដោយសារឪពុកចុងតិរច្ឆានគំរាមសម្លាប់ទាំងពូជបើហ៊ានប្រាប់ម្តាយ ។ ប៉ុន្តែដោយសារម្តាយក្មេងស្រីរងគ្រោះឈ្លេចសួរខ្លាំង និងលួងលោមផងទើបនាងទម្លាយប្រាប់ ក៏ប្រញាប់មកដាក់ពាក្យបណ្តឹងតែម្តង ។
ក្មេងស្រីទាំង២នាក់ម្នាក់អាយុ១១ឆ្នាំ និងម្នាក់ទៀតអាយុ៨ឆ្នាំ ត្រូវជាបងប្អូនបង្កើត នឹងគ្នាហើយក្មេងស្រីរងគ្រោះទាំងពីរនាក់ ត្រូវជាកូនដើមរបស់ជនសង្ស័យខាងលើ។
ពាក់ព័ន្ធនឹងករណីរំលោភនេះ ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលជំនាញសហការជាមួយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើតេស្ដទឹកនោមរកឃើញមានប្រើប្រាស់សារធាតុញៀនខុសច្បាប់ផងដែរ ។
បច្ចុប្បន្នជនសង្ស័យនេះត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធិច្បាប់ ៕
ដោយ ៖ស សារ៉េត