អន្តរជាតិ៖ បន្ទាប់ពីរដ្ឋអាជ្ញាអ៉ីរ៉ង់ បានចោទប្រកាន់ និងចេញដីការចាប់ខ្លួនលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងមន្ត្រីជាន់ខ្ពស់អាមេរិក៣៥នាក់ផ្សេងទៀត ចំពោះអំពើឃាតកម្មលើឧត្តមសេនីយ៍ Qassem Soleimaniនោះ ។ ស្ថាប័នប៉ូលិសអន្តរជាតិ (Interpol) បានបដិសេធសំណើរបស់អ៉ីរ៉ង់ ដែលសុំកិច្ចសហការក្នុងការជួយចាប់ខ្លួនលោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក។
តាមរយៈសេចក្តីថ្លែងការរបស់ប៉ូលិសInterpol ដែលមានទីស្នាក់ការនៅទីក្រុងលីយ៉ុង ប្រទេសបារាំង បានបដិសេធថា នឹងមិនពិចារណាសំណើររបស់អ៉ីរ៉ង់ឡើយ។ ដោយលើកអំណះអំណាងថា ធម្មនុញ្ញរបស់ខ្លួនហាមឃាត់ អង្គភាពមួយនេះមិនឲ្យចេញអន្តរាគមន៍ ឬសកម្មភាពណាដែលមានលក្ខណៈនយោបាយ យោធា សាសនា ឫពូជសាសន៍។
បើតាមការផ្សាយរបស់សារព័ត៌មាន Al Jazeera បាននិយាយថា មែនទែនទៅ សេចក្តីស្នើរបស់អ៉ីរ៉ង់ទៅ Interpol មិនមែនជាការទាមទារឲ្យអង្គភាពចេញបញ្ជាទៅកាន់រដ្ឋសមាជិកឯទៀតនេះទៅចាប់លោក ត្រាំ ឡើយ។ ប៉ុន្តែវាជាសំណើរសុំឲ្យដាក់ឈ្មោះបុគ្គលទាំងនោះក្នុងសេចក្តីប្រកាសក្រហម (Red notice) ដែលជាកម្រិតប្រកាសខ្ពស់បំផុត។ នៅពេល ប៉ូលិសអន្តរជាតិចេញសេចក្តីប្រកាសក្រហម វាអនុញ្ញាតឲ្យអាជ្ញាធរប៉ូលិសនៃប្រទេសផ្សេងចាប់ខ្លួនបុគ្គលទាំងនោះក្រោមឈ្មោះប្រទេសដែលស្នើសុំ។
ប៉ុន្តែសេចក្តីប្រកាសក្រហមនេះ មិនអនុញ្ញាតឲ្យមានការចាប់ខ្លួនដោយបង្ខំ ឬធ្វើបត្យាប័នថ្នាក់ដឹកនាំប្រទេសណាមួយឡើយ។
គេអាចត្រឹមដាក់កំហឹតលើការធ្វើដំណើរតែប៉ុណ្ណោះ។
ក្រោយទទួលបានសំណើរសុំឲ្យចេញសេចក្តីប្រកាសក្រហម ទៅលើបុគ្គលណាម្នាក់ ប៉ូលិសអន្តរជាតិ នឹងធ្វើការជួបប្រជុំពិភាក្សាក្នុងគណៈកម្មការរបស់ខ្លួន ថាតើគួរចែកចាយព័ត៌មានទាំងនោះជាមួយរដ្ឋសមាជិកដែរឫទេ។ បន្ថែមពីនេះ ប៉ូលិសInterpol ក៏មិនតម្រូវឲ្យចេញសេចក្តីប្រកាសជាសាធារណៈដែរប៉ុន្តែក្នុងករណីមួយចំនួន បុគ្គលដែលត្រូវបានប្រកាសក្នុងសេចក្តីជូនដំណឹងក្រហម ត្រូវលេចមុខក្នុងវេបសាយរបស់ Interpol។
សូមជម្រាបថា នៅថ្ងៃទី ២៩ ខែមិថុនា លោក Ali Qasi Mehr រដ្ឋអាជ្ញាអ៉ីរ៉ង់ បានបញ្ជាក់ឲ្យដឹងថា មនុស្សចំនួន៣៦ រូបក្នុងនោះមានលោកត្រាំ មន្ត្រីនយោបាយ និងយោធា ដែលពាក់ព័ន្ធទៅនឹងអំពើឃាតកម្មលើឧត្តមសេនីយ៍Qassem Soleimani កាលពីខែមករា ត្រូវបានស៊ើបអង្កេត និងចេញដីកាឲ្យចាប់ខ្លួនតាមរយៈ Interpol ។ចំពោះលោក ត្រាំ វិញ អ៉ីរ៉ង់ នឹងបន្តតាមចាប់ខ្លួនដើម្បីកាត់ទោសបើទោះបីជាលោកចប់អាណត្តិក៏ដោយ។
ដោយឡែកចំពោះការស្នើសុំរបស់អ៉ីរ៉ង់ទៅ ប៉ូលិសInterpol នេះ លោកBrian Hook បេសកជនអាមេរិកទទួលបន្ទុកកិច្ចការអុីរ៉ង់ នៅថ្ងៃទី២៩មិថុនា បាននិយាយថា សំណើនេះមានលក្ខណៈនយោបាយ ហើយពុំមានទាក់ទងអ្វីទៅនឹងសន្តិសុខជាតិ សន្តិភាពអន្តរជាតិ និងការលើកកម្ពស់ស្ថិរភាពឡើយ។ ពីទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត លោក Hook បន្ថែមថាវា គ្រាន់តែជាការឃោសនានយោបាយប៉ុណ្ណោះដែលគ្មានអ្នកណាខ្វល់ខ្វាយឡើយ៕ដោយ៖ស តារា