ខេត្តស្ទឹងត្រែង៖ លោកឡាយ គី និងភរិយា បានសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរក្រុង-ខេត្ត ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកយុត្តិធម៌ និងរកដំណោះស្រាយជួយដល់គ្រួសារគាត់ដែលរងនូវការធ្វើរបងហ៊ុមព័ទ្ធ និងបិទផ្លូវជុំវិញ ដោយគ្មានច្រកចេញចូលដូចមុនឡើយ ក្រោយពីភាគីចុងបណ្តឹងបានធ្វើផ្ទះលើផ្លូវ ហើយធ្វើរបងបិទជិតមិនឲ្យគ្រួសារគាត់ ដើរចេញចូលដូចមុនឡើយ។
ដោយភាគីឈ្មោះងី វុទ្ធ ឬឌី វុទ្ធ ធ្លាប់បានធ្វើកិច្ចសន្យាព្រមព្រៀងថាទុកផ្លូវឲ្យគ្រួសារលោកឡាយ គី ២ម៉ែត្រ និងបណ្តោយ១២ម៉ែត្របានដើរដូចមុន តែក្រោយមកឈ្មោះងី វុទ្ធ ឬឌី វុទ្ធ មិនគោរពតាមកិច្ចសន្យានោះឡើយ ទោះបីជាមានសាក្សីបំភ្លឺ និងចៅសង្កាត់មកដោះស្រាយ សម្របសម្រួលយ៉ាងណាក្តីក៏គ្មានប្រសិទ្ធភាពដែរ។ រហូតប្តឹងផ្តល់គ្នាដល់តុលាការចេញសាលក្រមឲ្យភាគីចុងបណ្តឹងរក្សាផ្លូវ២ម៉ែត្រនិងបណ្តោយ១២ម៉ែត្រតាមកិច្ចសន្យាដែលខ្លួនបានព្រមព្រៀងរវាងគ្នានឹងគ្នា ដែលមានទីតាំងនៅចំណុចក្រោយវិទ្យាល័យព្រះរាជបូជនីយកិច្ច ស្ថិតក្នុងភូមិព្រែក សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង។ សាលក្រមជំនុំជម្រះក្តីនោះសម្រេចដោយអ្នកស្រីសាយ ស្រីល័ក្ខណ៍ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ដែលរហូតមកដល់បច្ចុប្បន្ននេះក៏នៅមិនទាន់មានដំណោះស្រាយនៅឡើយដែរ។
តាមការលើកឡើងរបស់លោកឡាយ គី និងភរិយាបាននិយាយថា ដីផ្ទះនេះពីមុនពួកគាត់រស់នៅជាប់ចំណីដីសាលា
ហើយមន្ទីរអប់រំបានហាមឃាត់មិនអនុញ្ញាតឱ្យអាជ្ញាធរចេញបណ្ណកម្មសិទ្ធិឡើយ។ ក្រោយមកលោកអភិបាលខេត្តម៉ម សារឿន លោកយល់ឃើញថាពួកគាត់រស់នៅយូរយារណាស់មកហើយ ទើបបានសម្រេចប្រគល់ដីនេះឲ្យពួកគាត់ ធ្វើជាកម្មសិទ្ធិដោយឲ្យភូមិបាលក្រុងចុះវាស់វែងប្រគល់ជាកម្មសិទ្ធិឲ្យពួកគាត់ បានរស់នៅជាប់របងសាលារៀននេះ ហើយផ្លូវនេះគាត់ធ្លាប់ដើរចេញចូលអ្នកណាអ្នកណាក៏ដឹងដែរ រួមទាំងអ្នកភូមិក៏ដើរចេញចូលលើផ្លូវនេះច្រើនដែរ។
លោកបន្តថា ផ្លូវខាងលើដែលឈ្មោះងី វុទ្ធ ឬឌី វុទ្ធ បានធ្វើកិច្ចសន្យាជាមួយគាត់នោះក៏មានអ្នកដឹងឮដែរ ថាទុកផ្លូវឲ្យគាត់ចេញចូលចំនួន២ម៉ែត្រប្រវែង១២ម៉ែត្រ
តែដោយគាត់ឃើញមានផ្លូវដើរបានតាមសាលារៀន កាលនោះខាងសាលាមិនទាន់ធ្វើរបងថ្មទេគាត់ក៏នាំគ្នាដើរតាមផ្លូវនៅះទៅ។ ក្រោយមកគាត់ជាប់រវល់ទៅធ្វើការកម្មកររកលុយមួយរយ: ដោយសំអាងថាផ្លូវនោះមានកិច្ចសន្យាហើយ ទើបគាត់ថាមិនអីទេ ដឹងអីស្រាប់តែលោកងី វុទ្ធ ឬឌី វុទ្ធនេះគាត់ធ្វើផ្ទះលើផ្លូវហើយបិទរបង រំលោភកិច្ចសន្យាដែលគាត់បានព្រមព្រៀងជាមួយគាត់ ដោយធ្វើរបងបិទជិតមិនឲ្យគាត់ដើរបានឡើយ។ ពេលនេះគ្រួសារគាត់គ្មានផ្លូវចេញចូលដូចមុនទេ ខាងកើតរបងសាលារៀន ខាងជើង ខាងត្បូងរបងបាំងជិតអស់ហើយ ចំណែកខាងលិចគឺជាផ្លូវចាស់ត្រូវលោកងី វុទ្ធ ឬឌី វុទ្ធនេះគេបិទទៀត។
លោកឡាយ គី បានបន្តថា ក្រោយពីមានទំនាស់គ្នាដោះមិនចេញ គាត់ក៏បានរត់ទៅរកលោកមេភូមិ និងលោកចៅសង្កាត់ឲ្យជួយដោះស្រាយដែរ តែគ្មានដំណោះស្រាយដដែល។ ក្រោយមកទើបរត់រកលោកអភិបាលក្រុង ក្រោយពីមានចំណារពីលោកជា វណ្ណ ចៅសង្កាត់ស្ទឹងត្រែង។ ពេលនោះលោកសាយ កុសល អភិបាលក្រុងស្ទឹងត្រែង បាននិយាយថា គាត់គ្មានលទ្ធភាពដោះស្រាយទេ ឲ្យគាត់ទៅប្តឹងតុលាការទៅ។
លោកបន្តទៀតថា ក្រោយពីគាត់បានទៅតុលាការដាក់ពាក្យបណ្តឹង គាត់បានរៀបរាប់តាមដំណើររឿង ហើយតុលាការក៏កោះហៅគាត់ជាច្រើនដងដើម្បីសាកសួរ តែមិនបានជួបគ្នាឬទល់មុខនឹងចុងចោទឡើយ តែតុលាការក្រោយពីបានពិនិត្យសំណុំរឿង ដោយមានសាក្សីពលរដ្ឋ មានមេភូមិ នឹងលោកចៅសង្កាត់រួចមក តុលាការក៏បានចេញសាលក្រមដោយអ្នកស្រីសាយ ស្រីលក្ខណ៍ ជាចៅក្រម សម្រេចឲ្យលោកងី វុទ្ធ ឬឌី វុទ្ធនេះ ប្រគល់ផ្លូវចាស់ចំនួន២ម៉ែត្រនិងបណ្តោយ១២ម៉ែត្រ តាមកិច្ចសន្យាដែលខ្លួនបានសន្យានៅចំណុចទីតាំងខាងលើ ដោយហេតុផលទាញផ្ទាល់មាត់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ហើយប្រកាសសាលក្រមនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩។
លោកសូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២០នេះ ក៏នៅពុំទាន់មានដំណោះស្រាយនៅឡើយ។ ម្យ៉ាងទៀត បច្ចុប្បន្ននេះលោកនិងគ្រួសារសុំផ្លូវគេដើរបណ្តោះអាសន្នដោយសារតែគេមានការអាណិតអាសូរដល់គ្រួសារគាត់ដើរកាត់ភក់ជ្រាំកាត់ដីឡូត៍ផ្ទះរបស់គេ ព្រោះគ្រួសារគាត់ពុំមានផ្លូវដើរចេញចូលបាន ប៉ុន្តែគេប្រាប់ថាដើរបានតែ១ខែទៀតទេ គេនឹងបិទរបងដែរហើយ ហើយក៏លំបាកនៅពេលយប់ព្រលប់ដែរ ពេលកូនចៅឈឺថ្កាត់ម្តងៗមិនស្រួលដូចផ្លូវសាធារណ:នោះឡើយ។
ដូច្នេះប្តីប្រពន្ធគ្រួសារគាត់សូមដង្ហោយរកដំណោះស្រាយពីសម្តេចតេជោមេត្តាជួយដល់គ្រួសារគាត់ផង៕
ដោយ៖មាស សុផាត