ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់និងស្ត្រីម្នាក់ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២០ បានមកដាក់ពាក្យបណ្តឹង នៅអធិការរដ្ឋាននគរបាលភ្នំស្រុកបន្ទាប់ពីមានចោរចូលលួចយកប្រាក់និងទូស័ព្ទដៃរបស់ពួកគេ ខណៈពេលមកដេកកំដរម្តាយនិងក្មួយ សំរាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែក ស្រុកភ្នំស្រុក ។
នគរបាលបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ឌី សុភាព ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងឈ្មោះឈឿន ស្រីម៉ៅ ភេទស្រី អាយុ២៤ឆ្នាំ នៅតំបន់ឈូកអាង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នគរបាលដដែលបានបញ្ជាក់ថា៖តាមបណ្តឹងរបស់ជនរងគ្រោះទាំង០២នាក់ បានរៀបរាប់ថា នៅវេលាប្រមាណជាម៉ោង០១រំលងអាធ្រាត្រឈានចូល ថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២០ មានចោរបានលួចយកលុយនិងទូរស័ព្ទដៃ ខណៈពេលដែលពួកគាត់ទៅដេកកំដរម្តាយនិងក្មួយសំរាកព្យាបាលនៅអគារអ្នកជម្ងឺទូទៅនៃ មន្ទីរពេទ្យបង្អែក ស្រុកភ្នំស្រុក ។ ក្នុងនោះជនរងគ្រោះឈ្មោះឌី សុភាព បាត់អស់ទូរស័ព្ទដៃ០១គ្រឿង ម៉ាកvivo ពណ៌ខ្មៅ ទិញក្នុងតម្លៃ២៩០ដុល្លារ នឹងជនរងគ្រោះឈ្មោះ ឈឿន ស្រីម៉ៅ បាត់លុយចំនួន១៥០.០០០រៀល(ដប់ប្រាំម៉ឺនរៀល)និងទូរស័ព្ទដៃ០១គ្រឿងម៉ាកសាំស៊ុងទិញតម្លៃ៥.០០០ បាត។
នគរបាលបញ្ជាក់ទៀតថា៖ទាក់ទិននឹងករណីមានចោរលួច នៅក្នុងមន្ទីរពេទ្យនេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌបាន ចុះពិនិត្យនៅក្នុងមន្ទីពេទ្យនិងស្រាវជ្រាវរកមុខសញ្ញា ជនប្រព្រឹត្តល្មើស រហូតមកទល់ពេលនេះ នៅមិនទាន់ទទួលបានលទ្ធផលនៅឡើយនោះទេ ៕ដោយ៖ វណ្ណា