ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៖ កម្ពុជាបានបង្ហាញពិភពលោកថា យើងមិនដែលភ្លេចលើអំពើមនុស្សធម៌ និងសិទ្ធិមនុស្សឡើយ ទោះមានវិបត្តិកូវីដ-១៩ក្តី

ចែករំលែក៖

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាបានបង្ហាញទៅកាន់ពិភពលោកថា យើងមិនដែលភ្លេចលើអំពើមនុស្សធម៌ និងសិទ្ធិមនុស្សឡើយ បើទោះបីជាមានវិបត្តិកូវីដ-១៩ក៏ដោយ ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កន្លងមកកម្ពុជា បានជួយសង្គ្រោះនាវាទេសចរណ៍ MS Westerdam ដែលមានផ្ទុកអ្នកដំណើរ ជាង២០០០នាក់ ដែលបណ្តាប្រទេស និងដែនដីជាច្រើនមិនឲ្យចូលចត និងការដែលកម្ពុជាបានព្យាបាលជំងឺកូវីដ-១៩ ដល់ជនបរទេសជាច្រើននាក់ផងដែរ ។

លោកឧបនាយរដ្ឋមន្ត្រិបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាកិច្ចសន្ទនាគោលនយោបាយ ក្រោមប្រធានបទ «មេរៀន និងបទពិសោធន៍របស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩» នៅទីស្តីការក្រសួង ថ្លែងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

 លោកប្រាក់ សុខុន បានបញ្ជាក់ថា៖ «ពួកយើងបានបង្ហាញទៅកាន់ពិភពលោកថា ទោះបីជាមានវិបត្តិកើតឡើងក៏ដោយ ក៏កម្ពុជាមិនដែលភ្លេចពីការជឿលើអំពើមនុស្សធម៌ និងសិទ្ធិមនុស្សឡើយ។ ក្នុងនាមជាប្រទេសតូច តែមានទឹកចិត្តទូលាយ កម្ពុជាបានផ្តល់ការធ្វើតេស្ត និងព្យាបាលជំងឺកូវីដ-១៩ មិនត្រឹមតែចំពោះជនជាតិកម្ពុជាទេ ប៉ុន្តែក៏ចំពោះជនបរទេសផងដែរ។ ពួកយើងបានជួយសង្គ្រោះនាវាទេសចរណ៍ MS Westerdam ដែលមានផ្ទុកអ្នកដំណើរ ២២៥៧នាក់ ក្រោយពីត្រូវបានគេបដិសេធមិនឲ្យចូលចតនៅកំពង់ផែ ពីប្រទេសនានាជាច្រើន»។

លោកឧបនាយករដ្ឋមន្ត្រី ដែលជាប្រមុខការទូតកម្ពុជា បានរំលឹកឡើងវិញ ពីប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីពេលកន្លងទៅថា «តើយើងអាចនិយាយពីសិទ្ធិមនុស្សបានយ៉ាងម៉េច បើសិទ្ធិក្នុងការរស់នៅមិនត្រូវបានគោរពផងនោះ»។

ចំពោះករណីនេលោកបានសម្តែងការសោកស្តាយថា បើទោះបីជាមានភស្តុតាងបង្ហាញពីភាពជោគជ័យយ៉ាងច្បាស់បែបនេះក្តី ក៏កម្ពុជាសង្កេតឃើញថា ចំណាប់អារម្មណ៍ពីសារព័ត៌មានលើពិភពលោកចំពោះកម្ពុជា ពិតជាមានតិចតួចណាស់៕

ដោយ៖ហេង សូរិយា


ចែករំលែក៖