ភ្នំពេញ៖ យុវជនមួយក្រុមមានគ្នាប្រហែលជា៦ទៅ៧នាក់ជិះម៉ូតូ៣គ្រឿងទើបតែចេញមកពីខួបកំណើតមិត្តភក្តិនៅម្តុំក្រោយមន្ទីរពេទ្យព្រះកុសុមៈត្រឡប់ទៅផ្ទះវិញត្រូវបានយុវជនមួយក្រុមទៀតធ្វើសកម្មភាពដេញវាយ និងយកមួកសុវត្ថិភាពដេញគប់គ្នាឡើងផ្អើលពេញខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១៦១នៅចំណុចស្តុបគួជេម៉ូតូស្ថិតក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះម្នាក់មានឈ្មោះបុី សុខលាភ ភេទប្រុស អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១១នៅវិទ្យាល័យបាក់ទូក ស្នាក់នៅសង្កាត់អូរឫស្សី២ ខណ្ឌឫស្សីកែវ បានឱ្យដឹងថាមុនពេលកើតហេតុខ្លួនបានធ្វើខួបកំណើតដោយមានមិត្តភក្តិប្រហែលជា៦ទៅ៧នាក់នៅម្តុំក្រោយមន្ទីរពេទ្យព្រះកុសុមៈរហូតដល់ចប់កម្មវិធីក៏នាំគ្នាជិះម៉ូតូត្រឡប់មកវិញក្នុងបំណងទៅផ្ទះនៅឯម្តុំផ្សារអូរឫស្សីដោយធ្វើដំណើរតាមបណ្តាយផ្លូវលេខ១៨២ក្នុងទិសដៅពីលិចទៅកើតក៏ស្រាប់តែលេចមុខជនបង្កមួយក្រុមដែលពួកខ្លួនស្គាល់ថាពួកគេទាំងនោះជាក្រុមសុីវិលរបស់ប៉ូលិសមានម៉ូតូXRមួយគ្រឿងរួមនឹងម៉ូតូពី៥ទៅ៦គ្រឿងទៀតបានធ្វើសកម្មភាពដោះមួកសុវត្ថិភាពយកមកគប់ពួកខ្លួនតាំងពីក្រោមស្ពានអូឡាំព្យានិងដោះខ្សែក្រវាត់ដេញវាយតាំងពីក្រោមស្ពានអូឡាំព្យារហូតដល់ច្រកឌឿងហែមផ្លូវលេខ១៦១ធ្វើឱ្យផ្អើលទៅដល់សមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ហើយឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី២។
ជនរងគ្រោះបានបន្តទៀតថា ពួកជនបង្កទាំងនោះជាអ្នកចង់គាបសុីពួកខ្លួនហើយបានអះអាងថាខ្លួនជាប៉ូលិសតែមិនមានពាក់កាតប៉ូលិសឡើយលុះពេលឃើញសមត្ថកិច្ចមកដល់ក៏នាំគ្នារត់គេចខ្លួនអស់បាត់តែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចតាមស្រាវជ្រាវរកជនបង្កទាំងនោះមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ៖ស រស្មី