ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបកម្សាន្តពេលរាត្រី នៅទីក្រុងបាងកកនៃប្រទេសថៃ ចាប់ផ្តើមបើកទ្វារឡើងវិញ

ចែករំលែក៖

អន្តរជាតិ៖ តំបន់ក្លិបកម្សាន្តនាពេលរាត្រី នៅទីក្រុងបាងកកនៃប្រទេសថៃដូចជា៖បារ ខារ៉ាអូខេ កន្លែងម៉ាស្សា និងទីតាំងនារីរកស៉ីផ្លូវភេទ បានបើកទ្វារឡើងវិញហើយ កាលពីថ្ងៃពុធទី១ ខែកក្កដាម្សិលមុិញនេះ បន្ទាប់ពីត្រូវបានបិទទ្វារអស់រយៈពេលជាង៣ខែ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺឆ្លងCOVID-19

យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០២ខែកក្កដា ឆ្នាំ២០២០ បាននិយាយថា ទីតាំងកម្សាន្តពេលរាត្រីខាងលើនេះ គឺស្ថិតក្នុងប្រភេទអាជីវកម្មចុងក្រោយគេ ដែលត្រូវបានអនុញ្ញាតឲ្យបើកទ្វារឡើងវិញដោយមានលក្ខខណ្ឌ ខណៈមកទល់ពេលនេះ ប្រទេសថៃពុំមានការឆ្លង COVID-19 នៅក្នុងស្រុកផ្ទាល់ រយៈពេលជិត៤០ថ្ងៃមកហើយ។ ហើយការបើកទ្វារអាជីវកម្មប្រភេទនេះមានន័យថា ជាការបានវិលត្រឡប់ទៅបំពេញការងារចិញ្ចឹមជីវិតវិញ នៃមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ដែលធ្វើការក្នុងឧស្សាហកម្មកម្សាន្តពេលរាត្រីនេះ ខណៈកន្លងមកនេះពួកគេបានប្រឈមនឹងការលំបាកខ្លាំង។

សូមជម្រាបថា បើទោះជាអាជ្ញាធរថៃ បានអនុញ្ញាតឲ្យបើកឡើងវិញក៏ដោយប៉ុន្តែភ្លាមៗនេះគេសង្កេតឃើញថា ហាក់មិនមានភ្ញៀវច្រើនឡើយ ហើយ​​កន្លែងមួយចំនួនក៏នៅតែបន្តបិទទ្វារដដែល។ សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវគេព្យាករណ៍ថា នឹងបន្តធ្លាក់ចុះខ្លាំងជាងប្រទេសណាៗទាំងអស់​​ក្នុងចំណោមបណ្តាប្រទេសនៅអាស៉ីអាគ្នេយ៍ ដោយចំនួនភ្ញៀវទេសចរបរទេស ត្រូវគេរំពឹងថានឹងបាត់បង់៨០ភាគរយនៅក្នុងឆ្នាំ២០២០នេះ

បើគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី២ ខែកក្កដានេះ ប្រទេសថៃបានរកឃើញអ្នកឆ្លង COVID-19 សរុប៣,១៧៣នាក់ ក្នុងនោះស្លាប់៥៨នាក់ និងជាសះស្បើយ៣,០៥៩នាក់៕ដោយ៖ស តារា


ចែករំលែក៖