ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងបរិបទនៃការរីករាលដាលជាសកលនៃមេរោគកូវីដ-១៩ ប្រជាកសិករនៅឃុំដូនស ស្រុកស្វាយជ្រំងាកទៅរកការចិញ្ចឹមកង្កែប

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកថាច់ រតនា ប្រធានមន្ទីរកសិកម្មបានដឹកនាំក្រុមការងារចុះដល់ទីតាំងចិញ្ចឹមកង្កែបរបស់កសិករសំអាត សមដើម្បីផ្តល់ការណែនាំបន្ថែមអំពីរបៀបនិងបច្ចេកទេស នៃការចិញ្ចឹមកង្កែបដើម្បីទទួលបានប្រាក់ចំណេញខ្ពស់កាលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។

លោកថាច់ រតនា បានបញ្ជាក់ថា «ក្នុងរយៈពេល៤ខែកន្លងមកនេះ កសិករចិញ្ចឹមកង្កែបនេះបានលក់កូនកង្កែបចំនួន៩០.០០០ក្បាលមានតម្លៃ៤០០រៀលក្នុង១ក្បាល ដែលទទួលបានប្រាក់ចំណូលសរុប ៣.៦០០.០០០រៀល។

ចំណែកកសិករឈ្មោះ សំអាត សម ដែលជាសមាជិកសហគមន៍កសិកម្មទងធ្លក ពេលនេះលោកបាននិងកំពុងភ្ញាស់កូន និងចិញ្ចឹមកង្កែបក្នុងអាងចំនួន១០អាង ដោយមានមេពូជចំនួន២០០ក្បាល នៅភូមិអូរស្រងាំ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបានលោក  ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការីបានចុះពិនិត្យ នឹងផ្តល់ការណែនាំអំពីរបៀបបច្ចេកទេសក្នុងការចិញ្ចឹមកង្កែបបន្ថែមដោយបច្ចប្បន្នលោក សំអាត សម កំពុងបំប៉នកូនកង្កែបលក់ចំនួន ៣០.០០០ក្បាលទៀត។

រីឯកសិករ ខាំ សារ៉េន នៅភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ បានភ្ញាស់កូននិងចិញ្ចឹមកង្កែបយកសាច់ (ក្នុងតង់) ព្រមទាំងបានលក់កូនកង្កែបពូជចំនួន ៨.០០០ក្បាល មានតម្លៃ ៥០០រៀលក្នុង១ក្បាល អាចទទួលបានប្រាក់ចំណូលសរុបចំនួន ៤.០០០.០០០ រៀល និងកំពុងបំប៉នកូនកង្កែបលក់បន្តចំនួន ២០.០០០ក្បាលទៀត។

ជារួមការអនុវត្តវារីវប្បកម្មនៃការចិញ្ចឹមកង្កែបជាលក្ខណៈគ្រួសារខ្នាតតូចនៅតាមសហគមន៍បាននិងកំពុងមានសក្តានុពល និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ក្នុងបរិបទនៃការរីករាលដាលជាសកល នៃមេរោគកូវីដ-១៩ ៕ យឹម សុថាន


ចែករំលែក៖