ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ៥ភូមិក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ស្នើលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជួយធ្វើអន្តរាគមន៍រឿងតបណ្តាញទឹកស្អាតថ្មី ខណៈពួកគាត់ចង់ប្រើ បណ្តាញផ្គត់ផ្គង់ទឹកចាស់ដដែល

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអំពាវនាវដល់អាជ្ញាធរខេត្ត និងលោក ជា សុផារ៉ា មេត្តាជួយធ្វើអន្តរាគមន៍រឿងទឹកស្អាតដែលមានក្រុមហ៊ុនថ្មីមកបង្ខំឲ្យពួកគាត់ប្រើជាមួយនឹងការតបណ្តាញដែលត្រូវបង់លុយក្នុងមួយគ្រូសារចាប់ពី២០មុឺនរៀលឡើងទៅ និងតម្លៃទឹកថ្លៃជាងអ្នក ផ្គត់ផ្គង់ចាស់ ពោលគឺក្នុង១ម៉ែត្រគូបថ្លៃ២០០០រៀល ខណៈអ្នកចាស់ថ្លៃត្រឹម ១៥០០រៀល ។ ការតវ៉ានេះបានធ្វើឡើងបន្ទាប់ពីពួកគាត់បានមកប្រមូលផ្តុំគ្នានៅសាលាឃុំទន្លេបិទកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ដើម្បីឲ្យអាជ្ញាធរឃុំជួយដោះ ស្រាយលើបញ្ហានេះ ។

  បើតាមការរៀបរាប់របស់ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានប្រើប្រាស់ទឹកជាមួយអ្នកផ្គត់ផ្គង់ចាស់ជាច្រើនឆ្នាំ មកហើយមិនដែលមានបញ្ហាអ្វីនោះទេ តែពេលនេះស្រាប់តែមានក្រុមហ៊ុនថ្មីចូលមក និងបានប្រាប់អ្នកផ្តត់ផ្គង់ទឹកចាស់ឲ្យផ្តាច់ទឹកប្រើប្រាស់រាល់ថ្ងៃរបស់ពួកគាត់ ដោយបង្ខំឲ្យប្រជាពលរដ្ឋតបណ្តាញថ្មី ជាមួយតម្លៃ២០ម៉ឺនរៀលឡើងទៅ ដែលតម្លៃនេះពួកគាត់មួយចំនួនធំមិនមានលទ្ធភាពតនោះទេ ពីព្រោះពេលនេះកំពុងប្រឈមនឹងជីវភាពប្រចាំថ្ងៃក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ផង បែរជាមកឲ្យចំណាយលើការតបណ្តាញទឹកថ្មីបែបនេះទៀត ។

  បើតាមលោក  ហួ សាអ៊ុន ទំទប់ទី១ឃុំទន្លេបិទបានឲ្យដឹងថា ប្រជាពលរដ្ឋដែលមកតវ៉ានេះគឺពួកគាត់ចង់ប្រើទឹកចាស់ ដដែលដោយមិនចង់ដូរនោះទេ តែបញ្ហានេះអាជ្ញាធរឃុំមិនមានសិទ្ធិដោះស្រាយជូនភ្លាមៗបានទេ ដោយត្រូវបញ្ជូនបន្តទៅ ថ្នាក់លើតាមសំណូមពររបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ។ លោកហួ សាអ៊ុន ទំទប់ទី១ ឃុំទន្លេបិទបានលើកឡើងទៀតថា គាត់នឹងប្រាប់ឱ្យខាងបណ្ដាញទឹកស្អាតប្រើប្រាស់បណ្តាញចាស់ បើកទឹកឱ្យបង ប្អូនប្រជាពលរដ្ឋក្នុងឃុំប្រើប្រាស់វិញ ដោយខាងម្ចាស់ក្រុមហ៊ុនទាំងសងខាង ចាំដោះស្រាយគ្នាផ្សេង។

  សូមជម្រាបថា ក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៧ បានចេញលិខិតមួយ អនុញ្ញាតឲ្យលោក ផាន់ ម៉ារី ធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតសរុបចំនួន១៥ភូមិ ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំដែលមាន សុពលភាព២០ឆ្នាំ ។ ភ្លាមៗក៏មានការ តវ៉ាពីប្រជាពលរដ្ឋ និងអ្នកផ្គត់ផ្គង់ទឹកចាស់ផងដែរ តែមិនមានដំណោះស្រាយផ្លូវការនោះទេ ស្រាប់តែមកដល់ដើមខែកក្កដា ឆ្នាំ២០២០ លោក ផាន់ ម៉ារី បានអនុវត្តតាមអាជ្ញាប័ណ្ណរបស់ខ្លួនដោយតម្រូវឲ្យប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាពនៃដំណាក់កាលជំងឺកូវីដ-១៩ មកតបណ្តាញថ្មីក្នុងតម្លៃ ចាប់ពី២០ម៉ឺនរៀលឡើងទៅដូច្នេះទៅវិញ ៕ដោយ៖វណ្ណះ


ចែករំលែក៖