ព័ត៌មានទាន់ហេតុការណ៍៖

កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ទី៣របស់ចិន បន្ទាប់ពីលោក Jack Ma ប្រកាសលាលែងពីតំណែង

ចែករំលែក៖

អន្តរជាតិ៖ កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ទី៣របស់ចិន បន្ទាប់ពីលោកJack Ma គឺលោក Colin Huang ស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំ និងល្បីរបស់ចិន Pinduoduo Inc. បានប្រកាសលាលែងពីតំណែងនាយកប្រតិបត្តិ (CEO) ខណៈដែលគិតត្រឹមពេលនេះលោកមានទ្រព្យសម្បត្តិសរុបប្រមាណជិត ៤៤ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo Finance នៅថ្ងៃទី២ ខែកក្កដាឆ្នាំ២០២០ម្សិលមិញ

សារព័ត៌មាន Yahoo Finance បាននិយាយថា លោក Colin Huang បានប្រកាសចុះចេញពី តំណែងនាយកប្រតិបត្តិជាផ្លូវការ និងបានប្រគល់តំណែងទៅឱ្យលោក Lei Chen ប្រធានផ្នែកបច្ចេកកវិទ្យា (CTO) ឡើងកាន់តំណែងជំនួសវិញ រីឯលោក Colin Huang ត្រូវបានគេដឹងថាទំនងជាទៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល។

កំពូលមហាសេដ្ឋីបច្ចេកវិទ្យាវ័យ ៤០ឆ្នាំរូបនេះ បានថ្លែងនៅក្នុងសេចក្ដីប្រកាសថា «ខ្ញុំសង្ឃឹមថា តាមរយៈនៃការផ្លាស់ប្ដូរការគ្រប់គ្រងនេះយើងអាចប្រគល់ភារកិច្ច និងការទទួលខុសត្រូវ កាន់តែច្រើនទៅឱ្យសហសេវិកវ័យក្មេងៗជំនាន់ក្រោយជាអ្នកដឹកនាំ ហើយវាក៏ជាការផ្ដល់និងការទទួលឱកាសដើម្បីឱ្យក្រុមហ៊ុន Pinduoduo មានការរីកចម្រើន និងប្រែក្លាយទៅជាក្រុមហ៊ុនចាស់ទុំមួយជាមួយនឹងស្មារតីសហគ្រិនភាពជាបន្ត»

សូមជម្រាបថា Pinduoduo Inc. ជាក្រុមហ៊ុនលក់ទំនិញអនឡាញមួយរបស់ចិន ដូចគ្នាទៅនឹងក្រុមហ៊ុន Alibaba ប៉ុន្តែបើនិយាយពីការផ្ដល់សេវាកម្ម និងការ ផ្ដល់ ជូន ផ្សេងៗដល់អតិថិជនវិញ គឺ Pinduoduo Inc. មានភាពខុសប្លែកពី Alibaba ហេតុនេះហើយទើបអាចឈរជើងបានរហូតដល់ចេញលក់មូលបត្រភាគហ៊ុនដំបូង (IPO) កាលពីឆ្នាំ២០០៨ទទួលបាន .៦ពាន់លានដុល្លារ ហើយគិតមកដល់ពេលនេះគឺPinduoduo Inc. មានតម្លៃរហូតដល់ ១០២ពាន់លានដុល្លារ។

ជាមួយគ្នានោះដែរ លោក Huang បានចែករំលែកនូវហ៊ុនដែលមានប្រមាណជា .៧ភាគរយនៃភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុនPinduoduo Inc. ទៅឱ្យក្រុមហ៊ុនដែលជាដៃគូជ្រាវជ្រាវ និង.៤ភាគរយនៃភាគហ៊ុនសរុប ទៅបង្កើតស្ថាប័នមូលនិធិសប្បុរធម៌ថ្មីមួយជាមួយនឹងក្រុមការងារ។

គួរបញ្ជាក់ថា លោក Colin Huang ធ្លាប់បានចូលបម្រើការងារជាអ្នកហាត់ការនៅក្នុងក្រុមហ៊ុន Microsoft និងក្រោយមកក្លាយជាវិស្វករមួយរូបនៅក្នុងក្រុមហ៊ុន Google នាឆ្នាំ ២០០៤ នៅលើទឹកដីសហរដ្ឋអាមេរិក៕ដោយ៖សតារា


ចែករំលែក៖