អន្តរជាតិ៖ សាកសពកម្មករអណ្តូងរ៉ែចំនួន ១៧២នាក់ ដែលក្រុមសង្រ្គោះរុករកយកចេញ ពីក្នុងគំនរដីបាក់ និងល្បាប់ភក់ ក្រោយជួបគ្រោះធម្មជាតិរអិលបាក់ដីប្រទេសមីយ៉ាន់ម៉ា កាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានអាជ្ញាធររដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានជីករណ្តៅដ៏ធំមួយដើម្បីបញ្ចុះសាកសពកម្មរទាំងអស់នោះរួមគ្នាតែម្តង ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដាឆ្នាំ២០២០។
អាជ្ញាធររដ្ឋកាឈីន (Kachin) បានបញ្ជាក់ថា នេះមិនមែនជាលើកទី ១នោះទេសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលបានកើតមានករណីបាក់អណ្តូងរ៉ែឬក៏ហេតុការណ៍រអិលបាក់ដី នៅតំបន់ដែលមានសកម្មភាពរុករករ៉ែ។ ទោះជាបែបនេះក្តី ហេតុការណ៍ក្នុងសប្តាហ៍នេះ ត្រូវបានចាត់ទុកថា ជាគ្រោះអាក្រក់បំផុតមិនធ្លាប់កើតមាន។
គួរបញ្ជាក់ថា នៅទីតាំងជុំវិញរណ្តៅកប់សាកសព គេសង្កេតឃើញមានប្រជាជន និងសាច់ញាតិជនរងគ្រោះ ឈរពាក់ម៉ាស ដើម្បីសម្តែងការសោកស្តាយ ចំពោះការបង់ជីវិតមនុស្សទាំងកម្រោល និងគួរឲ្យសង្វេគបំផុត ប៉ុន្តែពួកគេក៏មិនភ្លេចការពារខ្លួនពីជំងឺ COVID-19 នោះដែរ។អាជ្ញាធររដ្ឋកាឈីនដែលស្ថិតនៅជាប់ព្រំដែនចិន បានបញ្ជាក់ថា នៅមានសាកសពមួយចំនួនទៀត អាចកំពុងកប់ក្នុងល្បាប់ដីនៅឡើយដែលត្រូវការក្រុមសង្គ្រោះរុករកបន្តទៀត ។
សូមជម្រាបថា «គ្រោះបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានកើតឡើងនៅការដ្ឋានជីករ៉ែថ្មមួយកន្លែង ស្ថិតនៅតំបន់ហាផាខាន់(Hpakant) នៃរដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេស កាលពីវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០»៕ដោយ៖ស តារា