ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសាកសួរ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន បន្តថ្ងៃស្អែកទៀត

ចែករំលែក៖

ភ្នំពេញ៖ ការសួរចម្លើយ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លីស្រុកគាស់ក្រឡ មិនទាន់បញ្ចប់នៅឡើយ ដោយនឹងបន្តនៅថ្ងៃស្អែក បន្ទាប់អង្គភាព ACU បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។

លោកស៊ូ អារ៉ាហ្វាត់ និងឧកញ៉ា សង ថន ត្រូវបាន ACU បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ ដើម្បីបន្តនីតិវិធីនៅតុលាការ។ អ្នកទាំងពីរ ត្រូវបានសួរចម្លើយដោយ លោក សឿន មុន្នីរត្ន័ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីបើកការសាកសួរអស់រយៈពេល១ថ្ងៃ លើលោកស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដែលជាឈ្មួញដីធ្លី ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មិនទាន់ចោទប្រកាន់ជនទាំងពីរនៅឡើយទេ ដោយនឹងបន្តសាកសួរសាកសួរនៅថ្ងៃស្អែកទៀត តាមនីតិវិធី។
លោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ នាំមកកាន់ស្នាក់ការរបស់ខ្លួននៅរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
មន្ត្រីរាជការដែលខិចលខូចឃុបឃិតគ្នាយកដីរដ្ឋ ឬដីរបស់ប្រជាពលរដ្ឋ និងរិះរកល្បិចធ្វើបាបប្រជាពលរដ្ឋ នឹងត្រូវទទួលទោសធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។នេះជាព្រមានធ្ងន់ៗជាថ្មី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០៕ដោយ៖សុខ ខេមរា


ចែករំលែក៖