ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយភ្លៀងមេឃស្រឡះ សយ រតនា បញ្ចេញបទចម្រៀងលើកទឹកចិត្តខ្លួនឯង និងអ្នកគាំទ្រ

ចែករំលែក៖

     ភ្នំពេញ៖ តារាចម្រៀង និងជាអ្នកនិពន្ធវ័យក្មេង លោក សយ រតនា បានបញ្ចេញស្នាដៃបទចម្រៀងថ្មី”ក្រោយភ្លៀង”ក្នុងគោលបំណងលើកទឹកចិត្តខ្លួនឯងនិងអ្នកគាំទ្រ។ ការបញ្ចេញបទចម្រៀងថ្មីក្តៅៗនេះក្រោយពីលោកបានបញ្ចប់ការររិះគន់ និងរឿងរ៉ាវចម្រូងចម្រាសនៃការផលិតបទចម្រៀងនិងសាច់រឿង”តើអ្នកព្រៃវែងអាក្រក់ត្រង់ណា?”

“រឿងរ៉ាវបញ្ហាគ្មានអ្នកណាដែលអាចគេចផុត សំខាន់អ្នកកុំតក់ស្លុត តាំងចិត្តមុះមុតប្រឈមដោះស្រាយ សាងស្នាមញញឹម សង្ឃឹមគិតឲ្យវែងឆ្ងាយ ក្រោកឈរកុំចាញ់នឿយណាយ…” គឺជាខ្លឹមសារផ្តើមនៃបទចម្រៀងថ្មីរបស់តារាចម្រៀងលោក សយ រតនា បានបញ្ចេញលើបណ្តាញទំនាក់ទំនងសង្គម ក្រោយពីលោកទើបនឹងបញ្ចប់ការរិះគន់មួយចំនួនពីទស្សនិកជន និងចេញមុខសុំទោសជាសាធារណៈកាលពីថ្មីៗនេះផងដែរ។ លោកថាបទចម្រៀងនេះត្រូវបានលោកនិពន្ធឡើងភ្លាមដើម្បីជាការលើកទឹកចិត្តសម្រាប់ខ្លួនឯង និងសម្រាប់អ្នកដែលមានបញ្ហាប្រឈមតូចធំឲ្យក្រោកឈរដោះស្រាយ និងធ្វើខ្លួនជាមនុស្សរឹងមាំ។ លោកថាបទចម្រៀងនេះក៏បានលើកទឹកចិត្តឲ្យមនុស្សបន្តការតស៊ូធ្វើខ្លួនជាទឹកដែលមិនងាយនឹងមានអ្នកដុតឲ្យឆេះ រំងាប់អារម្មណ៍ឆេវឆាវដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី។

លោករំពឹងថាស្នាដៃបទចម្រៀងថ្មីនេះមិនត្រឹមតែសម្រាប់លើកទឹកចិត្តសម្រាប់ខ្លួនឯង និងអ្នកដែលកំពុងប្រឈមនឹងបញ្ហានោះទេ គឺនឹងអាចជួយផ្តល់កម្លាំងចិត្តសម្រាប់ទស្សនិកជនដទៃទៀតដែលមិនទាន់ជួបបញ្ហា ត្រៀមខ្លួនក្រោកឈរ ដើរទៅមុខដោយស្នាមញញឹម និងមានក្តីសង្ឃឹម។ លោកក៏ត្រៀបបញ្ចេញស្នាដៃថ្មីជាច្រើនបន្តទៀតដើម្បីបម្រើការកម្សាន្តរបស់អ្នកគាំត្រផងដែរ៕ ដោយ ៖វឌ្ឍនា


ចែករំលែក៖