កូរ៉េខាងជើង៖ អតីតមេដឹកនាំគីម អុីលស៊ុងគឺជាអ្នកបង្កើតទឹកដីកូរ៉េខាងជើង ហើយដឹកនាំប្រទេសនេះចាប់តាំងពីឆ្នាំ១៩៤៨ រហូតពេលលោកស្លាប់នៅឆ្នាំ១៩៩៤។
នៅថ្ងៃទី៨ ខែកក្កដា ពលដ្ឋរាប់សិបពាន់នាក់បាននាំគ្នាទៅដាក់កម្រងផ្កានៅស្តូបMansu ក្នុងទីក្រុងព្យុងយ៉ាង ក្នុងខួប២៦ឆ្នាំថ្ងៃទទួលមរណភាពរបស់អតីតមេដឹកនាំ គីម អុីលស៊ុង។
ចំណែកមេដឹកនាំ គីម ជុងអ៊ុននិងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងបានទៅគោរពវិញ្ញាណក្ខន្ធ នៅវិមានKumsusan ដែលជាទីកន្លែងតម្កល់សពអតីតមេដឹកនាំទាំងពីររូប គឺជីតាគីម អុីលស៊ុង និងឪពុក គីម ជុងអុីល។
ពាក់ព័ន្ធនឹងបញ្ហាឧបទ្វីបកូរ៉េ ទីក្រុងព្យុងយ៉ាងប្រកាសថានឹងមិនពិភាក្សាជាមួយអាមេរិកនោះឡើយនៅមុនការបោះឆ្នោតអាមេរិក។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី៨ ខែកក្កដាថា « អាមេរិក និងកូរ៉េខាងជើងជាភាគីវិវាទ ហើយអាមេរិកជាអ្នកកាន់កូនសោនៃវិវាទទាំងនោះ ដូច្នេះអាមេរិកត្រូវតែដោះសោផ្តល់សេរីភាពបញ្ចប់ជម្លោះ»។
មន្ត្រីការបរទេសចិនបានបញ្ជាក់ទៀតថា អាមេរិកមិនត្រូវលើកឡើងពីបញ្ហាទៀតឡើយគឺត្រូវតែដោះស្រាយបញ្ហា ហើយអាមេរិកត្រូវតែមានឆន្ទៈក្នុងការដោះស្រាយ ទៅតាមសំណើស្របច្បាប់ត្រឹមត្រូវរបស់កូរ៉េខាងជើង៕ដោយ៖ធី រីណា