ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលក្រុងសេអ៊ូល​បាត់ខ្លួនយ៉ាងអាថ៌កំបាំង បន្សល់ទុកសារ «ដូចបណ្តាំចុងក្រោយ»

ចែករំលែក៖

ក្រុងសេអ៊ូល៖ អភិបាលទីក្រុងសេអ៊ូលលោក Park Won Soon នៅថ្ងៃទី​៩ខែកក្កដានេះ​ត្រូវបានគេប្រកាស​ថាបានបាត់ខ្លួនហើយ​ដោយរកមិនទាន់ឃើញឡើយ​។​ កន្លងមក​លោកបានផ្ញើសារឲ្យកូនស្រី​ ហើយសារនោះត្រូវបានកូនរៀបរាប់ ដូចជា លិខិតបណ្តាំ​ចុងក្រោយ​។
កម្លាំងប៉ូលិស បានបើកយុទ្ធនាការទ្រង់ទ្រាយធំដើម្បីស្វែងរកអភិបាលក្រុង Park Won Soon ។ យុទ្ធនាការស្វែងរកកំពុងធ្វើឡើងនៅ កំពូលភ្នំមួយ​ក្នុងតំបន់Sungbuk ក្នុងទីក្រុងសេអ៊ូល​។​ តំបន់នោះ​បានបង្ហាញ​សញ្ញាទូរស័ព្ទចុងក្រោយ​របស់​លោកអភិបាលក្រុង។
តាមការលើកឡើងរបស់កម្លាំងប៉ូលិស​ ទូរស័ព្ទចល័តរបស់អភិបាលក្រុង​ បានបិទ។ នៅវេលាថ្ងៃត្រង់​កូនស្រីរបស់លោក Park Won Soon បានទៅប្រាប់ប៉ូលិស​ ថា​ឪពុករបស់នាង បានទុកសារឲ្យ ដូចជាបណ្តាំចុងក្រោយ។ កូនស្រីអភិបាលក្រុងបានប្តឹងប៉ូលិស​ក្រោយ​ លោកចាកចេញពីផ្ទះ​ប្រមាណ​៤-៥ម៉ោង​។ កូនស្រីរបស់លោក​មិនបាន​បង្ហាញពីសារ​​ ដែលឪពុកទុកឲ្យនោះឡើយ។
លោក​ Park Won Soon ​ជាអភិបាលក្រុងសេអ៊ូល​៣អាណត្តិជាប់គ្នា​ចាប់ផ្តើមតាំងពីឆ្នាំ​២០១១ មក។
លោកKim Ji Hyeong មន្ត្រីក្នុងតំបន់បានឲ្យដឹងថា​​ លោក ​Park Won Soonមិនបានទៅកាន់កន្លែងធ្វើការឡើយ​នៅថ្ងៃ ទី៩ ខែកក្កដា ដោយមិនបានបញ្ជាក់ពីមូលហេតុនោះឡើយ​ ។

មិនតែប៉ុណ្ណោះ លោកអភិបាលក្រុងបានលុប​កាលវិភាគធ្វើការទាំងអស់​រួមទាំង​ជំនួបនៅក្នុងវិមានប្រធានាធិបតីផងដែរ​៕

ដោយ៖ធី រីណា


ចែករំលែក៖