ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ទីបំផុតយោធាពាក់ស័ក្គិ៤ ចាន់ បារាំង និងបក្ខពួកដែលរារាំងសមត្ថកិច្ចបង្រ្កាបត្រាក់ទ័រ បានស្ម័គ្រចិត្តចូលខ្លួនដោះស្រាយតែសមត្ថកិច្ចមិនឯកភាព

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ទីបំផុតនៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ មន្រ្តីយោធាវរសេនាតូចលេខ២ ពាក់ស័ក្គិ៤ ឈ្មោះ ចាន់ បារាំង និងបក្ខពួកជាមន្រ្តីបរិស្ថានដែលរារាំងនិងប្រមាថដល់មន្រ្តីអនុវត្តច្បាប់រួមទាំងថ្នាក់ដឹកនាំ ក្នុងករណីសមត្ថកិច្ចចុះទៅបង្រ្កាបត្រាក់ទ័រ១គ្រឿងដែលគេសង្ស័យថាបានលួចភ្ជួរដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន(ភាពីមុិចគ្រុប) បានចូលខ្លួនទៅសម្របសម្រួលនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយស ហើយជាលទ្ធផលខាងតំណាងក្រុមហ៊ុន(ភាពីមុិចគ្រុប)លោក វ៉ាន់ លឹមសេង ហៅហ័រ បានឯកភាពព្រោះគិតថាមនុស្សធ្វើខុសចេះទទួលកំហុស។ប៉ុន្តែ ដោយឡែកខាងមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយស និងថ្នាក់លើនៃអង្គភាពរបស់ខ្លួនមិនទាន់ឯកភាពនោះឡើយ ដោយតម្រូវឲ្យទៅដោះស្រាយនៅអធិការដ្ឋាននគរបាលស្រុកក្រគរបន្ត។ នេះបើតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន(ភាពីមុិចគ្រុប)លោក វ៉ាន់ លឹមសេង ហៅហ័រ តាមរយៈទូរស័ព្ទនាល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នេះ ។

 គួររំលឹកថា ករណីបង្រ្កាបត្រាក់ទ័រនោះត្រូវបានមន្រ្តីយោធាវរសេនាតូចលេខ២ ពាក់ស័ក្គិ៤ឈ្មោះ ចាន់ បារាំង និងបក្ខពួកជាមន្រ្តីបរិស្ថានធ្វើការរារាំង និងជេរប្រមាថមន្រ្តីអនុវត្តច្បាប់រួមទាំងថ្នាក់ដឹកនាំផងដែរកាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ ត្រង់ចំណុចការដ្ឋានទី៧ ស្ថិតនៅភូមិអូរចាន់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 ត្រាក់ទ័រដែលកម្លាំងសមត្ថកិច្ចចម្រុះបានបង្រ្កាបម៉ាក គូបូតា M60-40 ពណ៌ទឹកក្រូច ហើយការបង្ក្រាបត្រាក់ទ័រ១គ្រឿងនេះ គឺបន្ទាប់ពីទទួលបណ្ដឹងរបស់ឈ្មោះ វ៉ាន់ លឹមសេង ហៅហ័រ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាតំណាងក្រុមហ៊ុន(ភាពីមុិចគ្រុប) ។  ត្រាក់ទ័រជាវត្ថុតាងត្រូវលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ឱ្យយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំទទួលបទបញ្ជារបស់ថ្នាក់លើ ៕ ដោយ៖បុឹម ពិន


ចែករំលែក៖