ខេត្តកណ្តាល៖ អាជ្ញាធរខេត្តកណ្តាល បានចុះបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធជាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។
លោក ទៀង កុស្សារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវឲ្យប្រជាពលរដ្ឋមកពិនិត្យមើលទិន្នន័យក្បាលដីរបស់ខ្លួនឲ្យបានច្បាស់លាស់ ចៀសវាងខុសកម្មសិទ្ធិរួមជារបស់ប្តី របស់ប្រពន្ធ ជារបស់ឪពុកម្តាយ ខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីសម្រួលឲ្យមន្ត្រីជំនាញធ្វើការកែសម្រួលឡើងវិញឱ្យបានត្រឹមត្រូវ មានតម្លាភាព និងពន្លឿនដល់ការចេញបណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់។
លោក ទៀង កុស្សារៈ បានបញ្ជាក់ថា នេះជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យដែលបានបិទផ្សាយនេះទៅបោះពុម្ពជាបណ្ណកម្មសិទ្ធិប្រគល់ជូនបងប្អូន ប្រជាពលរដ្ឋ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី៩ កក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
លោកបានបញ្ជាក់ទៀតថា ក្នុងរយៈពេលនេះ គឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាបានមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំគិតទាំងថ្ងៃឈប់សម្រាក។ ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្នន័យក្បាលដីរបស់ខ្លួន ដើម្បីឲ្យមន្ត្រីជំនាញធ្វើការងារកែសម្រួលឲ្យត្រឹមត្រូវឡើងវិញ។
ថ្លែងក្នុងពិធីនោះដែរ លោក មាន ដាវិន អភិបាលរងស្រុកកោះធំ បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងដំណើរនៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ ស្របតាមប្លង់គោល និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ស្រុក កាត់បន្ថយទំនាស់ដីធ្លី ធ្វើឱ្យដីមានតម្លៃងាយស្រួលក្នុងការទិញលក់។ ដើម្បីឱ្យដំណើរការនៃការបិទផ្សាយនេះមានភាពរលូន លោកអភិបាលរងស្រុកបានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការឱ្យបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និង ប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការជួយពិនិត្យនូវទិន្នន័យក្បាលដីឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ផងដែរ។
លោកអភិបាលរងស្រុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះធ្វើអនាម័យខ្លួនប្រាណឱ្យបានស្អាត លាងដៃជាមួយសាប៊ូ អាល់កុលឱ្យបានញឹកញាប់ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នាដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩៕ ដោយ៖ឆ ដា