បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃទី១០ ខែកក្កដា ដែលលោកបានប្រកាសថា រុស្ស៊ីនឹងមិនបោះបង់តួនាទីជា អាជ្ញាកណ្តាលក្នុងការផ្សះផ្សាវិវាទរវាងអាមេរិកនិឹងចិននោះឡើយ។
លោក Sergei Lavrov បានលើកឡើងនៅក្នុងវេទិកាអន្តរជាតិ“Primakov Readings-2020”ថា យើងនឹងដើរតួនាទីជួយផ្សះផ្សាវិវាទក៏ដូចជាវាយតម្លៃស្ថានភាពឲ្យបានច្បាស់លាស់។ ប្រសិនបើសហគមន៍អន្តរជាតិមានទំនុកចិត្តលើរុស្ស៊ីនោះ យើងនឹងខិតខំឱ្យអស់ពីសមត្ថភាព ដោយមិនមានការលម្អៀងឡើយ។
ជាមួយគ្នានេះដែរ សារព័ត៌មាន Sputnik របស់រុស្ស៊ីបានផ្សាយថា ប្រមុខការបរទេសអាមេរិកបានលើកឡើងថា «អាមេរិកកំពុងតែធ្វើសង្គ្រាមប្រឆាំងចិនដោយវិធីសាស្ត្រកខ្វក់។
អាមេរិកព្រមានដាក់ទណ្ឌកម្មចិន ដោយចោទប្រកាន់ប្រទេសនេះបំពានសិទ្ធិមនុស្សនៅតំបន់ទីបេ និងស៊ីនជាំង។ នៅពេលនេះដែរអាមេរិកបានចាត់ទុកថាច្បាប់សន្តិសុខថ្មីនៅហុងកុងគឺដើម្បីលុបចោលសិទ្ធិគ្រប់គ្រងស្វ័យភាពនៅទីនោះ។
ចំណែករដ្ឋាភិបាលទីក្រុងប៉េកាំងវិញ បានច្រានចោលរាល់ការចោទប្រកាន់របស់អាមេរិក ហើយបានស្នើដល់អាមេរិកមិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឡើយ។
ជាមួយគ្នានេះដែរប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គមនៅចិន បាន ចោទប្រកាន់ថា អាមេរិកទើបជាអ្នករំលោភបំពានសិទ្ធិមនុស្សយ៉ាងពិតប្រាកដ ក្នុងនោះមានសកម្មភាពសង្គត់កបុរសជនជាតិស្បែកខ្មៅរហូតដល់ស្លាប់ បង្កឲ្យមានបាតុកម្មនៅទូទាំងអាមេរិកនិងជុំវិញពិភពលោក ប្រឆាំងការរើសអើង
ជាតិសាសន៍៕ដោយ៖ធី រីណា