ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងខ្មែរ÷ រឿងប្រាសាទ​នាង​ខ្មៅ

ចែករំលែក៖

បើ​យើង​ធ្វើ​ដំណើរ​ពី​ក្រុង​ភ្នំ​ពេញ ទៅ​កាន់​ខេត្ត​តា​កែវ ដល់​ទៅ​ឃុំ​រវៀង ស្រុក​សំរោង យើង​នឹង​ឃើញ​វត្ត​បុរាណ​មួយ​ហៅ ” វត្ត​ប្រាសាទ​នាង​ខ្មៅ ” តាំង​នៅ​ខាង​កើត​ជាប់​នឹង​ថ្នល់​ជាតិ​ពី​ក្រុង​ភ្នំពេញ​ទៅ ។

បាន​ជា​ហៅ​ថា វត្ត​ប្រាសាទ​នាង​ខ្មៅ ព្រោះ​ក្នុង​វត្ត​​នោះ​មាន​ប្រាសាទ​បុរាណ​ពីរ ឈ្មោះ​ប្រាសាទ​នាង​ខ្មៅ នៅ​ខាង​លិច​វិហារ​ចំ​ខ្លោង​ទ្វារ​វត្ត​ខាង​ទិស​បស្ចិម ។ ប្រាសាទ​ទាំង​ពីរ​នោះ ធ្វើ​ពី​ថ្ម​ផង ឥដ្ឋ​ផង ទំហំ ៤ ម៉ែត្រ ៤ ជ្រុង កម្ពស់ ១០ ម៉ែត្រ កំពូល​ស្រួច​ដូច​ចេតិយ ខ្ពស់​ត្រដែត ។

រឿង​ព្រេង​ទាក់​ទង​ដោយ​ដើម​កំណើត​នៃ​ប្រាសាទ​នោះ មាន​ដំណាល​ថា ៖

ក្នុង​អតីតកាល​កន្លង​យូរ​ទៅ​ហើយ មាន​ស្ដេច​មួយ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ព្រះ​បាទ សុរិយា​ទេវង្ស គង់​នៅ​លើ​ភ្នំ​ជីសូរ ជា​ស្ដេច​មាន​មហិទ្ធិឫទ្ធិ​មាន​បុណ្យ​ច្រើន ទ្រង់​បាន​សាង​ប្រាសាទ ៥ និង​ទ្រង់​ឲ្យ​ជីក​ស្រះ ៤ នៅ​លើ​ភ្នំ​នោះ គ្រប់​ជ្រុង​ប្រាសាទ ទ្រង់​មាន​ព្រះរាជ​បុត្រី ១ ព្រះ​អង្គ​ព្រះនាម នាង​ខ្មៅ ។

ភ្នំ​ជីសូរ​អំពី​កំពូល​ចុះ​មក​ដល់​ដី​ជម្រាល​ជើង​ភ្នំ​ខាង​ក្រោម ប្រហែល ៧០០ ម៉ែត្រ មាន​ទន្លេ ៤ គឺ​ទន្លេ​អុំ ១ ទន្លេ​ស្លួត ១ ទន្លេ​ស្តុក ១ ទន្លេ​ប្រទ្រុន ១ ។ ទន្លេ​ទាំង ៤ នោះ​ជា​កន្លែង​សម្រាប់​ក្រសាល​របស់​ស្ដេច​អង្គ​នោះ ។ លុះ​ព្រះរាជ​បុត្រី​មាន​វ័យ​វឌ្ឍនាការ​ចម្រើន​ឡើង​បាន​​ព្រះជន្ម ១៦ ឆ្នាំ ព្រះ​នាង​មាន​រូប​ឆោម​លោម​ពណ៌​ល្អ​ដាច់​ស្រី​ក្នុង​ព្រះ​នគរ ។ ថ្ងៃ​មួយ ព្រះ​នាង​នឹក​ភ្នក​ចង់​ទៅ​លេង​ទន្លេ​ប្រទ្រុន បាន​ចូល​ទៅ​ថ្វាយ​បង្គំ​លា​ព្រះ​វរ​បិតា សុំ​ទៅ​លេង​ទន្លេ​នោះ ។ ព្រះ​រាជា​ក៏​ទ្រង់​ព្រះ​រាជានុញ្ញាត ហើយ​ទ្រង់​ចាត់​មនុស្ស​បម្រើ​ឲ្យ​រៀប​ចំ​ហែហម​ព្រះ​ដំណើរ​ព្រះ​នាង ទៅ​ក្រសាល​ក្នុង​វេលា​ថ្ងៃ​រសៀល ។

គ្រា​នោះ មាន​បុរស​ម្នាក់​ឈ្មោះ បណ្ឌិត​ស្រី ទើប​នឹង​សឹក​ពី​សាមណេរ មាន​រូប​ឆោម​ល្អ​ល្អះ​ស្អាត​បាត​ជាង​ប្រុស​ឯ​ទៀត ចេះ​មន្ត​អាគម​វិជ្ជាការ ។ បណ្ឌិត​នោះ ទី​លំនៅ​ៗ ភូមិ​មួយ​ខាង​លិច​ភ្នំ​ជីសូរ​ជិត​ផ្លូវ​ដែល​ចុះ​ទៅ​ទន្លេ​ប្រទ្រុន ។ ថ្ងៃ​នេះ បណ្ឌិត ស្រី មាន​សេចក្ដី​អផ្សុក​ចេញ​ទៅ​លេង​ជិត​ផ្លូវ​នោះ បាន​ឃើញ​ព្រះ​នាងខ្មៅ ចុះ​ពី​លើ​ភ្នំ ជា​មួយ​នឹង​ស្រី​បរិវារ ក៏​មាន​សេចក្ដី​ប្រតិព័ទ្ធ​ជាប់​ចិត្ត​នឹង​ព្រះ​នាង​ក្រៃ​ពេក ។ បណ្ឌិត​នោះ​ពិចារណា​ថា “ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​លាភ​ធំ​ណាស់​ដោយ​បាន​ជួប​ប្រទះ​នឹង​ស្រី​គ្រប់​លក្ខណ៍ តែ​អាត្មា​អញ​ជា​កូន​រាស្ត្រ​អ្នក​កម្សត់ ធ្វើ​ម្ដេច​នឹង​បាន​នាង​នោះ​ហ្ន! នាង​នេះ​មិន​មែន​ជា​ស្រី​សាមញ្ញ​ទេ គឺ​ជា​ព្រះ​រាជ​បុត្រី​របស់​ស្ដេច អាត្មា​អញ​នឹង​នាង​នេះ​ពុំ​សម​ស័ក្ដិ​គ្នា​សោះ បើ​ដូច្នេះ​អញ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៅ​អែះ?” ។ បណ្ឌិត​ចេះ​តែ​ស្រឡាញ់​ខ្លាំង​ឡើង​ៗ គិត​ថា “នឹង​ចូល​ទៅ​ដណ្ដឹង​តាម​ច្បាប់​ក៏​ពុំ​សម នឹង​ប្រព្រឹត្ត​ខុស​ក៏​មុខ​ជា​ស្ដេច​យក​ទោស​ដល់​ស្លាប់” ។ លុះ​សេចក្ដី​ស្រឡាញ់​កាន់​តែ​ទ្វេ​ឡើង​ៗ ក៏​ស៊ូ​ប្ដូរ​ស្លាប់​ថា “ទុក​ជា​ស្ដេច​យក​ទោស​យ៉ាង​ណា ក៏​សុខ​ចិត្ត​តែ​ស្លាប់” ទើប​បាន​នឹក​ដល់​មន្ត​វិជ្ជាការ ដែល​ចេះ​ទាំង​ប៉ុន្មាន ក៏​បេះ​ស្លឹក​ឈើ​យក​មក​សូត្រ​ផ្លុំ​មន្ត​វិជ្ជាការ​នោះ ហើយ​ឡើង​ដើម​ឈើ​ផ្លុំ​ស្លឹក​បន្លឺ​ឡើង ។ ឯ​សូរសម្លេង​ស្លឹក​ដែល​បណ្ឌិត​ផ្លុំ​នោះ​ទៅ​ចុច​ចំ​បេះ​ដូង​ព្រះ​នាង​នោះ ព្រះ​នាង​ក៏​ភ័ន្ត​ភាំង​ស្មារតី, លុះ​ផ្ងារ​ឡើង​គិត​ថា “អាត្មា​អញ​ជា​កូន​ស្ដេច ធ្លាប់​ស្ដាប់​ភ្លេង​ដូរ្យតន្ត្រី​សព្វ​ថ្ងៃ​តែ​ពុំ​មាន​ភ្លេង​អ្វី​ធ្វើ​ចិត្ត​ឲ្យ​អញ​ស្លុត ដូច​សំឡេង​ស្លឹក​នេះ​សោះ”ព្រះ​នាង​សម្លឹង​គិត​យូរ​ៗ​ទៅ សំឡេង​រឹត​តែ​ពីរោះ​ឡើង​ៗ ព្រះ​នាង​អត់​ទ្រាំ​ពុំ​បាន ក៏​លាន់​ព្រះ​ឱស្ឋ​ថា “យី​អើ​ហ្ន! សំឡេង​នេះ​ជា​សំឡេង​ប្លែក​ណាស់ គួរ​តែ​អញ​ទៅ​តាម​ស្ដាប់​មើល​ឲ្យ​ឃើញ​ច្បាស់ តើ​អ្នក​នោះ​ដូច​ម្ដេច​បាន​ជា​ចេះ​ផ្លុំ​ពីរោះ​ដល់​ម្ល៉ឹង? ” ។ ព្រះ​នាង​ក៏​ទៅ​រក​មើល​ឲ្យ​ឃើញ​ដោយ​ព្រះ​អង្គ​ឯង ។ លុះ​ព្រះ​នាង​ទៅ​ជួប​ឃើញ​រូប​ឆោម​បណ្ឌិត​នោះ​ៗ ក៏​រឹត​តែ​មាន​សេចក្ដី​ប្រតិព័ទ្ធ​ខ្លាំង​ឡើង បាន​សាក​សួរ​សន្ទនា​គ្នា​ទៅ​វិញ​ទៅ​មក តាម​ប្រពៃណី​របស់​ប្រុស​និង​ស្រី​ដែល​ស្រឡាញ់​គ្នា ។ អ្នក​ទាំង​ពីរ​រូប​បាន​និយាយ​មត់​គ្នា​ថា “ថ្ងៃ​ក្រោយ យើង​នឹង​មក​ជួប​គ្នា​ទៀត” ហើយ​លា​បែក​គ្នា​រៀង​ខ្លួន ។ ចំណែក​ព្រះ​នាង ចាប់​តាំង​ពី​បែក​បណ្ឌិត​នោះ​ទៅ មាន​ទឹក​ព្រះ​ភក្ត្រ​ប្លែក​ពី​ប្រក្រតី ចេះ​តែ​ក្រៀមក្រំ​លែង​រួសរាយ​រក​ពួក​បរិវារ ពួក​បរិវារ​ក៏​មាន​សន្ទិះ​សង្ស័យ ។ ថ្ងៃ​ក្រោយ​មក ព្រះ​នាង​ចូល​លា​ព្រះ​រាជា​ម្ដង​ទៀត ។ ព្រះ​រាជា​ក៏​ទ្រង់​អនុញ្ញាត​ឲ្យ​ព្រះ​នាង​ទៅ ទ្រង់​ចាត់​មនុស្ស​ឲ្យ​ហែហម​ជូន​ព្រះ​ដំណើរ​ព្រះ​នាង​ដូច​ថ្ងៃ​មុន លុះ​ទៅ​ដល់​កន្លែង​នោះ ព្រះ​នាង​និយាយ​ប្រាប់​បរិវារ​ថា ” អ្នក​រាល់​គ្នា​ត្រូវ​ឈប់​ចាំ​ខ្ញុំ ខ្ញុំ​មាន​កិច្ច​ឯ​នោះ​បន្តិច ” ។ និយាយ​ប្រាប់​ហើយ ព្រះ​នាង​ដើរ​សំដៅ​ទៅ​កន្លែង​ដែល​បណ្ឌិត​ស្រី​មក​ជួប លុះ​បាន​ជួប​គ្នា​ហើយ ទាំង​ពីរ​រូប​ក៏​សម្រេច​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន ។ ពួក​បរិវារ​សង្ស័យ​ទៅ​លប​មើល​ឃើញ​កិរិយា​មិន​ល្អ មាន​សេចក្ដី​ភិតភ័យ ខ្លាច​ក្រែង​ស្ដេច​យក​ទោស​ដល់​ជីវិត ក៏​ជំនុំ​ពិគ្រោះ​គ្នា​ថា “យើង​គួរ​តែ​ក្រាប​ទូល​ស្ដេច​កុំ​ខាន” ។ លុះ​ត្រឡប់​ទៅ​វិញ ពួក​បរិវារ​ក៏​ចូល​ទៅ​គាល់​សព្វ​គ្រប់​តាម​ដំណើរ ។ ស្ដេច​ទ្រង់​ខ្ញាល់​ជា​ខ្លាំង​ក៏​ទ្រង់​ហៅ​ពួក​ពេជ្ឈឃាដ​មក​ប្រាប់​ថា “ត្រូវ​យក​កូន​អញ​ទៅ​សម្លាប់​ឲ្យ​ឆាប់ ” ។

ព្រះ​មហេសី​ជា​ព្រះ​មាតា ក្រាប​ទូល​សុំ​ទោស​ព្រះ​ស្វាមី​ថា “សូម​ព្រះ​ករុណា​ទ្រង់​ព្រះ​មេត្តា​ប្រោស ព្រះ​រាជទាន​ទោស​ដល់​កូន​របស់​យើង​តែ​មួយ បើ​ទុក​ជា​មាន​ទោស​ខុស​យ៉ាង​ណា​ៗ សូម​ព្រះ​អង្គ​កុំ​សម្លាប់ គ្រាន់​តែ​បំបរ​បង់​ចេញ​អំពី​ទី​នេះ​ចុះ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទាន” ។ ស្ដេច​ក៏​ទ្រង់​អនុញ្ញាត​តាម​សេចក្ដី​សុំ​របស់​ព្រះ​នាង​ជា​ព្រះ​មាតា ទើប​ទ្រង់​បង្គាប់​ទៅ​សេនាបតី​ឲ្យ​ធ្វើ​ប្រាសាទ ២ ចម្ងាយ​អំពី​ព្រះ​ដំណាក់​ទៅ ៣ យោជន៍ ។ ពួក​សេនាបតី​ក៏​ទទួល​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា រួច​ហើយ​ស្ដេច​ទ្រង់​បង្គាប់​ឲ្យ​នាំ​ព្រះ​នាង​ខ្មៅ ទៅ​នៅ​ទីនោះ ប្រាសាទ​នោះ​នៅ​ខាង​លិច​ភ្នំ​ជីសូរ ។ តាំង​ពី​ថ្ងៃ​នោះ​ទៅ ព្រះ​នាង​កើត​ទុក្ខ​ជា​ទម្ងន់ ណាមួយ​ព្រះ​បិតា​បំបរបង់​ចោល​ឲ្យ​នៅ​តែ​ម្នាក់​ឯង ណា​មួយ​បែក​ពីរ​សង្សារ លែង​បាន​មក​ជួប​សោះ ដោយ​មិន​ជ្រាប​ជា​នៅ​ទីណា ។

គ្រា​នោះ មាន​ភិក្ខុ ១ រូប​ឈ្មោះ កែវ លោក​និមន្ត​ចេញ​ពី​ស្រុក​លោក ទៅ​រៀន​មន្ត​វិជ្ជាការ​ឯ​ស្រុក​ក្រៅ លោក​រៀន​បាន​ចេះ​ពូ​កែ​ណាស់ លោក​ត្រឡប់​មក​ស្រុក​វិញ​គង់​នៅ​ទី​មួយ (ក្នុង​ខេត្ត​តាកែវ) ទីនោះ​អត់​ទឹក អ្នក​ស្រុក​នាំ​គ្នា​ជីក​ស្រះ​មួយ​ប្រគេន​លោក ។ ដោយ​ស្រះ​នោះ​ជា​របស់​លោក​គ្រូ​កែវ ទើប​មាន​ឈ្មោះ​ថា ស្រះ កែវ ៗ រហូត​ដល់​សព្វ​ថ្ងៃ ។

លោក​គ្រូ​អង្គ​នេះ គង់​នៅ​យូរ​បន្តិច​ទៅ មាន​កិត្តិសព្ទ​ទួទៅ​គ្រប់​ស្រុក​ភូមិ ។ ព្រះ​នាង​បាន​ឮ​ដំណឹង​ថា លោកគ្រូ​នោះ​ទើប​តែ​និមន្ត​មក​ពី​ស្រុក​ក្រៅ ចេះ​មន្ត​វិជ្ជាការ​ល្បីល្បាញ​ដូច្នោះ មាន​ព្រះ​បំណង​ចង់​ជួប​នឹង​លោក ដើម្បី​ចង់​ដឹង​អំពី​សេចក្ដី​ទុក្ខ​របស់​ព្រះ​នាង​ថា “តើ​ថ្ងៃ​ណា​នឹង​ស្រាក​ស្រាន្ត​ស្បើយ​ល្ហើយ ” ព្រះ​នាង​ក៏​ប្រាប់​ពួក​អ្នក​បម្រើ​ឲ្យ​រៀប​ព្រះ​ទីន័ង​ដំរី ដើម្បី​ទៅ​ថ្វាយ​បង្គំ​លោក​គ្រូ កែវ ។ លុះ​ធ្វើ​ព្រះ​ដំណើរ​ទៅ​ដល់​ទី​កន្លែង​លោក​គ្រូ​នោះ​ហើយ ព្រះ​នាង​ចូល​ទៅ​ថ្វាយ​បង្គំ​លោក​តាម​ទំនៀម ទ្រង់​បាន​ឃើញ​លក្ខណៈ​លោក​គ្រូ​អង្គ​នោះ​សព្វ​គ្រប់ ក៏​បែក​ចិត្ត​ចេញ​ពី​សង្សារ​ចាស់ មក​ជាប់​នឹង​លោក​គ្រូ​កែវ​នោះ​វិញ ពី​ព្រោះ​លោក​អង្គ​នោះ មាន​រូប​ស្អាត​ជាង​បណ្ឌិត​ស្រី ពេញ​លក្ខណៈ​ជា​ប្រុស​គួរ​ឲ្យ​ស្រឡាញ់ ព្រះ​នាង​ដំណាល​ពី​សេចក្ដី​ទុក្ខ​របស់​ព្រះ​នាង​ទូល​លោក​គ្រូ​សព្វ​គ្រប់​ហើយ ក៏​សំដែង​អាការ​ស្និទ្ធស្នាល​ហាក់​ដូច​ជា​ទុក​ចិត្ត​គ្នា​យូរ​មក​ហើយ ។ អាការ​ដែល​ព្រះ​នាង​ពណ៌នា​រឿង​រ៉ាវ​របស់​ព្រះ​នាង​នោះ​នាំ​ឲ្យ​លោក​គ្រូ​កែវ ស្គាល់​បាន​ថា ព្រះ​នាង​ជាប់​ជំពាក់​នឹង​លោក ។ លោក​គ្រូ កែវ អត់​ទ្រាំ​ពុំបាន​ក៏​មាន​ចិត្ត​ទោរទន់​ទៅ​រក​ព្រះ​នាង ហើយ​មាន​ពុទ្ធដីកា​ទន់ភ្លន់​ទៅ​រក ។ កាល​បើ​ព្រះ​នាង​បាន​ឮ​ពុទ្ធ​ដីកា​លោក​ផ្អែម​ល្ហែម​ទន់​ភ្លន់​មក​រក​ដូច្នេះ ក៏​សង្ឃឹម​ថា “តទៅ​មុខ​អញ​នឹង​មាន​អាង លែង​កើត​ទុក​តាំង​ពី​ថ្ងៃ​នេះ​តទៅ​ហើយ… ។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ព្រះ​នាង​មាន​ពណ៌​សម្បុរ​ស្រស់​បំព្រង​ដូច​ស្រី​ទេព​អប្សរ ។ ចំណែក​ឯ​លោក​គ្រូ​កែវ​វិញ លោក​ខំ​ប្រឹង​ពិចារណា​ធម៌​ដើម្បី​ដក​ចិត្ត​ពី​ព្រះនាង​នោះ​ខ្លាំង​ណាស់​ដែរ តែ​លោក​ដក​ពុំ​រួច​សោះ ។ ពេល​ក្រោយ​មក ព្រះ​នាង​ត្រឡប់​ទៅ​ថ្វាយ​បង្គំ​សុំ​ឲ្យ​លោក​គ្រូ​ស្រោច​ទឹក ដើម្បី​ឲ្យ​មាន​សិរី​សួស្ដី ។ ពេល​ទៅ​ស្រោច​ទឹក​នោះ ព្រះ​នាង​ក៏​រឹត​តែ​សំដែង​អាការ​រាក់​ទាក់​ទៅ​រក​លោក​គ្រូ កែវ ខ្លាំង​ឡើង​ថែម​ទៀត ហើយ​ព្រះ​នាង​ទូល​ថា “សូម​ឲ្យ​លោក​ម្ចាស់​គង់​នៅ​សប្បាយ​ចុះ” ។ កាល​បើ​ឮ​ពាក្យ​នោះ លោក​គ្រូ​កែវ ក៏​ក្រៀម​ក្រំ​ស្រពោន​មុខ​កើត​ទុក្ខ​ដោយ​សំដី​ព្រះ​នាង ។ អាការ​របស់​លោក ជា​អាការ​ប្រាប់​ព្រះ​នាង​ឲ្យ​ជ្រាប​ច្បាស់​ថា “លោក​កើត​ទុក្ខ​ពីព្រោះ​ព្រះ​នាង” ។ ព្រះ​នាង​ក៏​រឹត​តែ​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ឡើង​ទៀត ដល់​ព្រះ​នាង​ត្រឡប់​ទៅ​ព្រះ​ដំណាក់​វិញ កើត​ទុក្ខ​ផ្ទំ​ពុំ​លក់ សោយ​ក្រយា​ស្ងោយ​ពុំ​បាន អត់​ទ្រាំ​ពុំ​បាន ក៏​បម្រើ​ឲ្យ​រៀប​ចំ​ព្រះ​ទីន័ង​ដំរី ទៅ​និមន្ត​លោក​មក​ឯ​ព្រះ​ដំណាក់​ព្រះ​នាង ។ ឯ​លោក​គ្រូ កែវ កាល​បើ​បាន​ឃើញ​អ្នក​បម្រើ​ទៅ​និមន្ត ក៏​សប្បាយ​ព្រះ​ទ័យ​ណាស់ បាន​រៀប​ចំ​ដំណើរ​និមន្ត​មក​ជា​ប្រញាប់ ។ ព្រះ​នាង​ក៏​ទំនុក​បម្រុង​បណីត​ភោជន សុទ្ធ​តែ​របស់​ប្លែកៗ ។ លុះ​លោក​និមន្ត​ទៅ​ដល់ ព្រះ​នាង​លើក​មក​ប្រគេន​លោក​ផ្ទាល់​ព្រះ​អង្គ ។ លោក​គ្រូ កែវ ឆាន់​ពុំ​បាន ។ អាការ​ដែល​លោក​ឆាន់​មិន​បាន​នោះ ជា​អាការ​ប្រាប់​ព្រះ​នាង​ឲ្យ​ជ្រាប​រឹត​តែ​ច្បាស់ ព្រះ​នាង​ក៏​កើត​ទុក្ខ​ខ្លាំង​ឡើង​ៗ អត់​ទ្រាំ​កេរ្តិ៍​ខ្មាស​ពុំ​បាន​ក៏​ចូល​ទៅ​ទូល​លោក​ថា ” សូម​លោក​ម្ចាស់​សឹក​ចាក​សិក្ខាបទ​មក​ចុះ ” ហើយ​ព្រះ​នាង​ប្រគេន​សំពត់​ស្លៀក​ពាក់​ព្រម​ទាំង​ប្រដាប់ប្រដា​សព្វ​គ្រប់ ។

លោក​ទទួល​ព្រម​តាម​សំដី​ព្រះ​នាង​និមន្ត ហើយ​ក៏​សឹក​ចាក​សិក្ខាបទ​ជា​ឃរាវាស​នៅ​រួម​សុខ​ជា​មួយ​ព្រះ​នាង​ខ្មៅ នៅ​ក្នុង​ប្រាសាទ​នោះ ។

ដោយ​មាន​រឿង​ដំណាល​ដូច្នេះ បាន​ជា​ប្រាសាទ​នោះ គេ​ហៅ​ថា ” ប្រាសាទ​នាង​ខ្មៅ ” តាំង​ពី​នោះ​រហូត​មក ។

ចំណេរ​កាល​មក​ខាង​ក្រោយ មាន​ពុទ្ធ​បរិស័ទ​ជ្រះ​ថ្លា ស្ថាបនា​វត្ត​នៅ​ទី​នោះ​ឡើង វត្ត​ក៏​មាន​ឈ្មោះ​ថា ” វត្ត​ប្រាសាទ​នាង​ខ្មៅ ” រហូត​មក​ដល់​សព្វ​ថ្ងៃ ៕ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖