អាមេរិក៖ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺជាលើកដំបូងហើយដែលបានពាក់ម៉ាស់ ពេលទៅសួរសុខទុក្ខទាហានរងរបួសនៅក្នុងមជ្ឈមណ្ឌលសុខាភិបាលយោធា នៅតំបន់Walter Reed កាលពីថ្ងៃទី១១ខែកក្កដា ក្រោយជាច្រើនលើក លោកត្រាំបដិសេធពាក់ម៉ាស់រហូត។
ប្រធានាធិបតីដូណាល់ ត្រាំ ត្រូវពាក់ម៉ាស់ចំពោះមុខមហាជន។ ទាំងនោះបានបង្ហាញឲ្យឃើញថា នៅទីបំផុតលោកត្រំាក៏ត្រូវទទួលរងសម្ពាធឲ្យបង្កើតរូបភាពគំរូដល់សុខភាពសាធារណៈ ក្នុងពេលកូវីដ-១៩ កំពុងតែឆ្លងរាលដាលកាន់តែខ្លាំងនៅអាមេរិក។
លោកត្រាំពាក់ម៉ាស់ពណ៌ខ្មៅ ទៅសួរសុខទុក្ខទាហាន។ លោកត្រាំមិនបានឆ្លើយនូវសំណួររបស់អ្នកសារព័ត៌មាននោះឡើយ ពេលដែលលោកផ្លាស់ប្តូរឥរិយាបថភ្លាមៗនោះ។កន្លងមកលោកត្រាំ បានប្រឆាំងយ៉ាងខ្លាំងដល់ក្រុមអ្នកឯកទេសសុខាភិបាលពាក់ព័ន្ធនឹងការពាក់ម៉ាស់។
លោកត្រាំបានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មានថា« ខ្ញុំអាចនឹងត្រូវពាក់ម៉ាស់។ ពេលខ្ញុំនៅមន្ទីរពេទ្យយោធាខ្ញុំត្រូវនិយាយជាមួយទាហានជាច្រើន ដូច្នេះការពាក់ម៉ាស់គឺជារឿងត្រឹមត្រូវសមហេតុផល។ ខ្ញុំមិនដែលប្រឆាំងការពាក់ម៉ាស់ឡើយ ប៉ុន្តែគឺត្រូវតែធ្វើឡើងសមស្រប»។
តាមសារព័ត៌មាន CNNបញ្ជាក់ថា នេះជាលើកទីមួយហើយដែល លោកត្រាំពាក់ម៉ាស់ជាសាធារណៈ។
បច្ចុប្បន្នអាមេរិកមានចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងដល់ 3,355,646 នាក់ ស្លាប់137,403នាក់ និងជាសះស្បើយ1,490,446នាក់ផងដែរ៕ធី រីណា