ព័ត៌មានទាន់ហេតុការណ៍៖

មានអត្ថប្រយោជន៍ច្រើនក្នុងការជិះកង់ហាត់ប្រាណដែលយើងមិនសូវចាប់អារម្មណ៍

ចែករំលែក៖

នៅពេល​​រាង​កាយ​យើងបញ្ចេញ​សកម្មភាព​​ច្រើន ទោះ​ជា​សកម្ម​ភាពអ្វី​ក៏​ដោយ សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​សុខភាព គ្រាន់​តែ​​ស្ថិត​នៅ​ក្នុង​កម្រិត​ផ្សេងៗ​​គ្នា។ ដើរ រត់ ជិះ​កង់ ហែល​ទឹក ​លេងបាល់ទាត់រឺបាល់ទះមានប្រយោជន៍ខ្លាំង។ថ្ងៃនេះយើងសុំលើកឡើងពីអត្ថប្រយោជន៍ដល់សុខភាព ​ពីការជិះកង់ហាត់ប្រាណវិញម្តង និងអានទាំងអស់គ្នាដើម្បីដឹងពីអត្ថប្រយជន៍៖

១- ដុត​បំផ្លាញ​កាឡូរី

យើង​នឹង​បាត់​បង់​កាឡូរី​ជា​ច្រើន​ពេល​ជិះ​កង់។ ជាក់ស្ដែង បើ​ចំណាយ​ពេល​កន្លះ​ម៉ោង​ធាក់​កង់​ម៉ាស៊ីន​ដោយ​ដាក់​ទម្ងន់​ប្រមាណ ៧០ គីឡូក្រាម គឺ​ស្មើ​នឹង​ដុត​កាឡូរី​បាន​ដល់ ២៦០ កាឡូរី​ឯណោះ។ បើ​ដាក់​ទម្ងន់​ធ្ងន់​ជាង​មុន ឬ​ប្រឹង​ខ្លាំង​ជាង​មុន យើង​នឹង​អាច​ដុត​កាឡូរី​កាន់​តែ​ច្រើន​ជាង​មុន​ដែរ។

២- ជួយ​ដល់​សន្លាក់

សកម្មភាព​ហាត់​ប្រាណ Aerobic ជា​ច្រើន អាច​មាន​ការ​លំបាក​ចំពោះ​សន្លាក់ ដោយសារ​មាន​ការការ​រត់ ឬ​ការ​លេង​កីឡា​ជាដើម។ យ៉ាងណា ជិះ​កង់​ធម្មតា អាច​ជួយ​ឲ្យ​បេះដូង​ច្របាច់​ឈាម​បាន​ល្អ ដោយ​មិន​សង្កត់​ធ្ងន់​លើ​សន្លាក់​នោះ​ទេ។ យោង​តាម​គ្លីនិក Cleveland នៅ​អាមេរិក ធាក់​កង់ ពិសេស​គ្នា​យើង​លើស​ទម្ងន់​ (BMI) ចាប់​ពី​ជាង ២២​គីឡូក្រាម គឺ​អាច​បន្ថយ​ភាព​តាន​តឹង​ដោយ​ស្វ័យប្រវត្តិ​ទៅ​លើ​ត្រគាក ជង្គង់ ខ្នង និង​ក​ជើង ហើយ​ល្អ​ជា​បើ​ធៀប​ទៅ​នឹង​ហាត់​ប្រាណ​ដោយ​ការ​ដើរ។

៣- ប្រយោជន៍​ដល់​ចង្វាក់​បេះដូង

ជិះ​កង់ ជួយ​អភិវឌ្ឍ​ដំណើរ​ការ​សរសៃ​ឈាម។ បើ​ជិះ​កង់​ទៀង​ទាត់ អាច​ជួយ​ឲ្យ​អ្នក​លើស​សម្ពាធ​ឈាម អាច​រក្សា​កម្រិត​សម្ពាធ​ឈាម​បាន​ល្អ ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​មាន​ស្ថិរភាព អាច​ការពារ​ជំងឺ​គាំង​បេះដូង។ គ្លីនិក Mayo នៅ​អាមេរិក អះអាង​ថា ការ​ជិះ​កង់​ញឹកញាប់ អាច​គ្រប់​គ្រង​មុខងារ​បេះដូង ជួយ​ឲ្យ​មាន​សមត្ថភាព​ច្របាច់​ឈាម​កាន់​តែ​មាន​ប្រសិទ្ធភាព។ ជិះកង់ ក៏​ជួយ​បង្កើន​ចំនួន​កូលេស្តេរ៉ូល​ល្អ (HDL) និង​បន្ថយ​កូលេស្តេរ៉ូល​អាក្រក់ (LDL) ចេញ​ពី​រាងកាយ​បាន​ទៀត​ផង។ ជា​លទ្ធផល បាន​កាត់​បន្ថយ​ករណី​កកើត​កំណក​ខ្លាញ់​ដែល​ធ្វើ​រាំង​ស្ទះ​ក្នុង​សរសៃ​ឈាម​ទៀត​ផង។

៤- ជួយ​ឲ្យ​គេង​បាន​ស្កប់​ស្កល់

បើ​យើង​មាន​បញ្ហា​គេង​មិន​លក់ ឬ​មិន​ស្កប់​ស្កល់ អាច​សាក​ល្បង​ជិះ​កង់​ហាត់​ប្រាណ ព្រោះ​ប្រហែល​ជា​អាច​ជួយ​បាន ព្រោះ​ការ​សិក្សា​នៃ​សាកលវិទ្យាល័យ Stanford ឯកទេស​ឱសថ​សាស្ត្រ​ បង្ហាញ​ថា ពេល​វេលា​ធ្វើ​គេង​លក់​សម្រាប់អ្នក​មាន​ជំងឺ​គេង​មិន​លក់ អាច​កាត់​បន្ថយ​បាន​ដល់​ទៅ​ពាក់​កណ្តាល ថែម​ទាំង​បង្កើន​រយៈពេល​គេង​លក់​ស្កប់ស្កល់​ច្រើន​ជា​មួយ​ម៉ោង​ទៀត ដោយ​គ្រាន់​តែ​ធាក់​កង់​ប្រហែល​ជា ២០-៣០ នាទី រៀងរាល់ថ្ងៃ។ មូលហេតុនេះ មក​ពីយើង​ជិះ​កង់​នៅ​ខាង​ក្រៅ ខ្លួន​ប្រាណ​យើង​បាន​ប៉ះ​នឹង​កម្ដៅ​ព្រះ​អាទិត្យ នាំ​ឲ្យ​ដំណើរ​ផលិត​អ័រម៉ូន​ប្រចាំ​ថ្ងៃ ចាប់​ផ្តើម​ដំណើរ​ការ​សកម្ម​ឡើង​វិញ ហើយ​អ័រម៉ូន Cortisol ក៏​ដូចជា​អ័រម៉ូន​ស្ត្រេស ក៏​ថយចុះ​ទៅ​វិញ​ដែរ។

៥- សុខភាព​ល្អ​រស់​បាន​យូរ

សាកលវិទ្យាល័យ King’s College London នៅ​អង់គ្លេស បាន​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ ធ្វើ​ឡើង​ដោយ​ប្រៀប​ធៀប​កូន​ភ្លោះ​ចំនួន ២៤០០គូ ដើម្បី​រក​មើល​ថា តើ​មួយ​ណា​មាន​សុខភាព​ល្អ​ជាង​គេ។ គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ ឬ​ភ្ញាក់​ផ្អើល​ឡើង ដោយ​ការ​ស្រាវ​ជ្រាវ​រក​ឃើញ​ថា កូន​ភ្លោះ​ធាក់​កង់ ៤៥នាទី ៣ ដង/សប្តាហ៍ អាច​រស់​បាន​យូរ​ជាង៩ឆ្នាំ (វាយ​តម្លៃ​តាម​វេជ្ជសាស្ត្រ) បើ​ប្រៀប​ធៀប​ជា​មួយ​កូន​ភ្លោះ មិន​បាន​ជិះ​កង់​ហាត់​ប្រាណ​ទាល់​តែ​សោះ មិន​រាប់​បញ្ចូល​ការ​ទម្លាប់​អាក្រក់​ផ្សេងៗ ដូច​ជា ជក់​បារី និង​សុខភាព​រាងកាយ​នៅ​ឡើយ។

តាម​រយៈ​ការ​ហាត់​ប្រាណ​ទៀង​ទាត់ កូន​ភ្លោះ​ក្នុង​ការ​សិក្សា គឺ​មាន​ហានិភ័យ​ទាប​ប្រឈម​បញ្ហា សរសៃ​ឈាម​បេះដូង ទឹកនោម​ផ្អែម​ប្រភេទ២ ជំងឺ​មហារីក​គ្រប់​ប្រភេទ ជំងឺ​ធាត់ ក៏​ដូច​ជា​ជំងឺ​លើស​ឈាម។

ជិះ​កង់​ហាត់​ប្រាណ ធ្វើ​ឲ្យ​ស្មារតី និង​រាងកាយ​រឹង​មាំ​ល្អ។ យ៉ាង​ណា ត្រូវ​ចាំ​ថា គួរ​ប្រឹក្សា​ជាមួយ​គ្រូ​បង្វឹក ឬ​អ្នក​ជំនាញ​ជិះកង់ មុន​នឹង​ចាប់​ផ្តើម​ហាត់ ដើម្បី​ឲ្យ​ប្រាកដ​ថា យើង​បាន​ហាត់​ប្រាណ​ក្នុង​វិធី​សាស្ត្រ​មួយ​ស័ក្តិសម​នឹង​សុខភាព​យើង៕ដោយ៖ស សម


ចែករំលែក៖