អន្តរជាតិ៖ប្រធានាធិបតីអុីរ៉ង់ លោក Hassan Rouhani បានចេញបញ្ជាហាមប្រាមរៀបចំព្រិត្តិការណ៍ពិធីជប់លៀងផ្សេងៗ ក្នុងនោះមានទាំងពិធីរៀបការផងដែរ។ គោលដៅរបស់ប្រធានាធិបតីអុីរ៉ង់គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ជាថ្មី។
លោកHassan Rouhani បានបញ្ជាក់ថា «យើងត្រូវតែហាមប្រាម រៀបចំពិធីជួបជុំគ្នាផ្សេងៗដែលមានមនុស្សចូលរួមច្រើន ក្នុងនោះមានទាំងពីធីរៀបការផងដែរដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ជាលើកទីពីរ»។
ប្រធានាធិបតីអុីរ៉ង់បញ្ជាក់ទៀតថា បច្ចុប្បន្នមិនមែនជាពេលវេលាដែលត្រូវជួបជុំគ្នានោះឡើយ សូម្បីតែការប្រឡងមហាវិទ្យាល័យក៏ត្រូវផ្អាកផងដែរ។ ជាមួយគ្នានេះ ស្នងការប៉ូលិសអុីរ៉ង់បានប្រកាសបិទទ្វារទាំងអស់ នៅទីតាំងជួបជុំគ្នា ក្នុងនោះមានទាំងពិធីរៀបការ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី។
កាលពីថ្ងៃទី១១ខែកក្កដា អុីរ៉ង់ មានចំនួនអ្នកស្លាប់ដោយកូវីដ-១៩ កើនឡើងដល់១៨៨នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់ក្នុងប្រទេសនេះកើនឡើងដល់ ១២.៦៣៥ នាក់។ ចំណែកអ្នកឆ្លងកូវីដ-១៩វីញ មានរហូតដល់ទៅ២៥៥.១១៧នាក់ ៕ដោយ៖ធី រីណា