ខេត្តរតនគិរី៖ ឈើក្រហមចម្រុះចំនួន៣៣កំណាត់ត្រូវបានសមត្ថកិច្ចចម្រុះរបស់ខេត្តចុះបង្ក្រាបរឹបអូសប្រមូលយកទៅរក្សាទុកប្រគល់ឱ្យជំនាញ។
ប្រតិបត្តិការបង្ក្រាបនោះកម្លាំងចម្រុះបានធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២០នៅត្រង់ចំណុចកំពង់ចម្លងទន្លេសេសានមានចម្ងាយពីប៉ុស្តិ៍ច្រករបៀងភូមិភិកក្រោមប្រមាណ៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិបាដល ឃុំសេសាន ស្រុកអូរយ៉ាដាវខេត្តរតនគិរី។
សមត្ថកិច្ចចម្រុះមានមន្ត្រីបរិស្ថាន,កម្លាំងនគរបាលស្រុកអូរយ៉ាដាវ,កម្លាំងវរការពារព្រំដែនគោកលេខ៦២៣ និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវផងដែរ។
លោកវរសេនីយ៍ត្រីសុខ មីន មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវបានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២០នេះថា ប្រតិបត្តិការខាងលើនេះមានការចង្អុលបង្ហាញពីលោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោយិន ចំណាន ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលពីលោកងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីទៀតផង។
លោកបន្តថា មុននឹងឈានដល់ការបង្ក្រាបគឺកម្លាំងយើងបានប្រើប្រាស់មធ្យោបាយកាណូតចុះល្បាតរុករកស្រាវជ្រាវក្នុងទន្លេសេសានក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវក៏ពើបប្រទះឃើញឈើដែលក្រុមឈ្មួញគរលាក់ទុកក្នុងទន្លេនោះតែម្តង ហើយក៏ធ្វើការរឹបអូសយកទៅរក្សាទុក។
ឯឈើក្រហមចម្រុះនោះមានចំនួន៣៣កំណាត់មិនទាន់បានធ្វើការវាស់វែងនៅឡើយទេ។
លោកបញ្ជាក់ទៀតថា ដោយសារទីតាំងភូមិសាស្ត្រខាងលើអំណោយផលសម្រាប់ឈ្មួញឈើខ្មែរនិងវៀតណាមតែងតែលួចដឹកឈើចេញទៅវៀតណាមនោះណាស់។
លោកម៉ា វិចិត្រ ប្រធានគណៈបញ្ជាការឯកភាពស្រុកអូរយ៉ាដាវបានយកកម្លាំងទៅដាក់ប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដើម្បីឃ្លាំមើលបទល្មើសនោះបន្តទៀត។
វត្ថុតាងខាងលើដែលបង្ក្រាបបានត្រូវប្រគល់ឱ្យមន្ត្រីបរិស្ថានយកទៅរក្សាទុកដើម្បីចាត់ចែងតាមច្បាប់បន្ត។
ទាក់ទឹននឹងករណីខាងលើនេះប្រភពបានបង្ហើបថា មកពីជំនួញឈើចាប់ផ្តើមប្រព្រឹត្តទៅបានដោយរលូនដោយសារតែឈ្មួញវៀតណាមផ្តល់លុយឱ្យសមត្ថកិច្ចខិលខូចមួយចំនួនប្រចាំការនៅតាមច្រករបៀង ហើយមេច្រករបៀងខ្លះក៏បានអនុញ្ញាតឱ្យវៀតណាមចូលមកស្នាក់នៅរង់ចាំទិញឈើពីក្រុមឈ្មួញផងដែរ៕
ដោយ៖ជីវ័ន្ត