អន្តរជាតិ ៖ លោក Rachada Dhnadirek ជាអ្នកនាំពាក្យរដ្ឋាភិបាលប្រទេសថៃ បានបញ្ជាក់ថា ប្រទេសខ្លួនបានអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលឥឡូវនេះនឹងបញ្ជូនទៅសភា ដើម្បីអនុម័តឲ្យក្លាយជាច្បាប់ពេញលេញផងដែរ ។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនោះ សង្កត់ធ្ងន់ថា៖«នេះគឺជាជំហានសំខាន់សម្រាប់ប្រទេសថៃ ក្នុងការបង្កើតសមភាពសម្រាប់មនុស្សគ្រប់រូប និងធានាសិទ្ធិសម្រាប់គូស្វាមីភរិយាភេទដូចគ្នាដើម្បីចាប់ផ្តើមបង្កើតគ្រួសារ»។
នៅក្នុងសេចក្តីព្រាងច្បាប់នេះ នឹងអនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នាទទួលយកកូនមកចិញ្ចឹម ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិ និងបំណុលរួមគ្នា និងទទួលមរតកពីដៃគូរបស់ពួកគេ។ ហើយសេចក្តីព្រាងច្បាប់ ក្នុងទំរង់បច្ចុប្បន្ននៅតែមិនទាន់ផ្តល់ឲ្យគូស្វាមីភរិយាទទួលបានប្រាក់សោធននិវត្តន៍របស់រដ្ឋាភិបាលរៀងៗខ្លួនទេ ប៉ុន្តែច្បាប់នេះអាចត្រូវបានអនុញ្ញាតឲ្យមានឡើងបន្ទាប់ពីមានការធ្វើវិសោធនកម្មមួយចំនួននៅដំណាក់កាលក្រោយៗ។
សូមជម្រាបថា ទោះបីជាប្រទេសថៃ មើលទៅដូចជាបើកទូលាយសម្រាប់សហគមន៍ LGBT ក៏ដោយ ក៏ច្បាប់របស់ប្រទេសមួយនេះ មានលក្ខណៈចម្រុះនៅក្នុងនោះ។ ការរើសអើងដោយផ្អែកលើនិន្នាការភេទ និងយេនឌ័រគឺខុសច្បាប់ ប៉ុន្តែអ្នកខ្លះនៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានិយាយថាពួកគេមានបញ្ហាក្នុងការស្វែងរកការងារធ្វើនៅខាងក្រៅឧស្សាហកម្មទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ និងឧស្សាហកម្មកម្សាន្ត។ បច្ចុប្បន្នគូស្វាមីភរិយាភេទដូចគ្នាមិនមានសិទ្ធិស្របច្បាប់ទេ។
លោក Rachada Dhnadirek អគ្គនាយករងនៃនាយកដ្ឋានការពារសិទ្ធិនិងសេរីភាព ដែលបានធ្វើការលើច្បាប់នេះចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ២០១២ បានមានប្រសាសន៍ថា៖«នៅពេលវាទៅដល់សភាយើងអាចប្រាកដ ១០០% ថាច្បាប់នេះនឹងក្លាយជាច្បាប់ពេញលេញ»។ប្រសិនបើត្រូវបានអនុម័តពីសភា ប្រទេសថៃនឹងក្លាយជាប្រទេសទី២នៅអាស៊ី បន្ទាប់ពីកោះតៃវ៉ាន់ដែលបានអនុញ្ញាតឱ្យអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នាកាលពីឆ្នាំ ២០១៩៕ដោយ៖ស តារា