ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពាក់ស្លាកលេខ នគរបាល ក្រឡាប់ជាច្រើនត្រឡប់រងរបួសធ្ងន់ស្រាល ៥នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រថយន្តម៉ាក ឡិចស៊ីសRX៣០០ ពាក់ស្លាកលេខ នគរបាល 2-3626 ក្រឡាប់ច្រើនត្រឡប់ បណ្ដាលឲ្យរងរបួសស្រាលធ្ងន់ចំនួន ៥នាក់ ត្រូវបានរថយន្តសង្រ្គោះមកដឹកទៅព្យាបាលភ្លាមៗ ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯងខាងលើ បានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃអាទិត្យ ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ត្រង់ម្ដុំស្ពានអូរជ័រ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 សេចក្តីរាយការណ៍នៅកន្លែងកើតហេតុ មុនដំបូងគេឃើញរថយន្ត ១គ្រឿងខាងលើនេះ ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិចក្នុងល្បឿនលឿនដូចហោះ លុះមកដល់កន្លែងកើតហេតុឆ្លងស្ពានអូរជ័រ មិនដឹងជាយ៉ាងមុិចស្រាប់តែរេចង្កូតខុសផ្លូវ បណ្ដាលឲ្យក្រឡាប់ជាច្រើនត្រឡប់ ខណៈនោះគេឃើញមនុស្សលូនចេញពីក្នុងរថយន្តចំនួន ៥នាក់ ក្នុងនោះស្រីចំនួន ៣នាក់ ។

 ប្រភពរាយការណ៍ដដែលបន្តទៀតថា ករណីនេះសង្ស័យជាកត្តាល្បឿនលឿន មិនប្រយ័ត្នខណៈផ្លូវមិនមានសុវត្ថិភាព(មានស្ពាន និងផ្លូវកោងខ្លាំងផង)ឬអាចអ្នកបើកបរមានជាតិស្រវឹងផងក៏ថាបាន ព្រោះថ្ងៃនេះជាថ្ងៃអាទិត្យផងនោះ ទោសជាយ៉ាងណាគេមិនដឹងអំពីមូលហេតុ ឈ្មោះជនរងរបួសឬធ្ងន់ស្រាលនៅឡើយទេ ។បច្ចុប្បន្ន ៖ រថយផ្ញើរនៅផ្ទះអ្នកភូមិក្បែរនោះ ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖