ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តទ្រុងធុនធំមួយគ្រឿងទៀតពីក្រោយពេញទំហឹងបណ្ដាលឲ្យកៀបជាប់នៅក្នុងកាប៊ីន តែរងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨និង ៣០ នាទីយប់ថ្ងៃទី ១២ខែកក្កដាឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ ១៩៧០ជិតសាលាខណ្ឌសែនសុខ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2AG-1436ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ១៩៧០ បានវ៉ាជែងនិងរថយន្តមួយគ្រឿងទៀតដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករថយន្តទ្រុងធុនធំមួយគ្រឿងទៀតក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខព្រៃវែងA3-0104ធ្វើដំណើរនៅខាងមុខពីក្រោយពេញទំហឹង បណ្ដាលឱ្យតៃកុងរថយន្តដឹកទឹកកកកៀបជាប់នៅក្នុងកាប៊ីនរថយន្ត។ ភ្លាមនោះប្រជាពលរដ្ឋបាននាំគ្នាជួយក៏ដូចជារថយន្តខាងរងគ្រោះបានយកខ្សែកាបថ្ពួកនឹងកាប៊ីនរថយន្តទាញដើម្បីយកតៃកុងចេញមកក្រៅសំណាងរងរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុដោយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា បន្ទាប់មកភាគីទាំងសងខាង គ្មានខាងណាសងខាងណាទើបសម្រេចចិត្តយករថយន្តទៅជួសជុលរៀងៗខ្លួន៕
ដោយ៖ ភារ៉ាដង្កោ