ភ្នំពេញ៖ បុរសម្នាក់ បើកម៉ូតូពេលមេឃភ្លៀងរលឹមស្រិចៗ មិនប្រយ័ត្នក៏រអិលដួល ហើយត្រូវម៉ូតូមួយគ្រឿងទៀត ជិះមកប៉ះបណ្ដាលឲ្យរងរបួសធ្ងន់ សន្លប់ស្តូកលើស្ពានបាឡេ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង៤០នាទីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅលើស្ពានបាឡេ ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បើកម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1HM-5797។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញជនរងគ្រោះ បើកម៉ូតូ ឡើងស្ពានបាឡេក្នុងទិសពីកើតទៅលិច តែមិនទាន់ដល់កណ្តាលស្ពានផង ក៏រអិលម៉ូតូដួលបោកផ្ទប់នឹងស្ពាន។ ភ្លាមៗនោះ ក៏មានម៉ូតូមួយគ្រឿងទៀត បើកគេចមិនទាន់ បានប៉ះម៉ូតូជនរងគ្រោះបន្ថែមទៀត បណ្តាលរងរបួសធ្ងន់សន្លប់ស្តូក នៅលើស្ពានតែម្តង។
បន្ទាប់ពីកើតហេតុប្រជាពលរដ្ឋបានទំនាក់ទំនងហៅរថយន្តរបស់មន្ទីរសម្រាកព្យាបាល និងសម្ភពពន្លឺ បានដឹកជនរងគ្រោះ ទៅសង្គ្រោះ ចំណែកម៉ូតូ ត្រូវសមត្ថកិច្ច យករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា៕ជ្រោយពេជ្រ