ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ សង្ស័យបែកថ្នាំបានយកភ្លើងដុតផ្ទះម្ដាយរបស់ខ្លួនឯង បណ្ដាលឲ្យឆេះខូចខាតស្ទើរតែទាំងស្រុងហើយខណៈដែលសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ជួយពន្លត់ ស្រាប់តែស្ទះមកវាយសមត្ថកិច្ចបណ្តាលឲ្យរងបួសដេរ៣ថ្នេរបន្ថែមទៀត។
ករណីនេះបានកើតឡើងនៅថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី ស្ថិតក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះ២នាក់ ទី១-ឈ្មោះ ព្រំ សុធី ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់កូនឈើ(ត្រូវជាម្តាយជនសង្ស័យ) ទី២-ឈ្មោះ.ផន លីកូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនាយប៉ុស្តិ៍ស្តីទី (រងរបួសក្បាលដេរ៣ថ្នេរ)។ ចំណែកជនសង្ស័យឈ្មោះ ថន សម្បតិ្ត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ ត្រូវជាកូនស្រ្តីរងគ្រោះជាម្ចាស់ផ្ទះ ។ ដោយឡែកសម្ភារខូចខាតរួមមាន ផ្ទះ១ខ្នងធ្វើពីឈើលើថ្មក្រោមទំហំ៥ម៉ែត្រគុណនឹង៩ម៉ែត្រ,ឆេះម៉ូតូ២គ្រឿង, មាស៥ជី, លុយដុល្លារ២០០០ដុល្លារ,លុយខ្មែរ២លានរៀល និងសម្ភារមួយចំនួនទៀត។
ប្រភពដដែលបន្តថា ជនសង្ស័យគឺជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយដោយមើលទៅមានសភាពមិនស្រួល ស្ត្រីជាម្ដាយបានចាក់សោជនសង្ស័យជាកូនឱ្យនៅក្នុងបន្ទប់ដែល ជាហេតុធ្វើឲ្យជនសង្ស័យខឹងក៏បានវាយបំផ្លិចបំផ្លាញម៉ូតូខូចខាតអស់២គ្រឿង និងដុតផ្ទះបណ្តាលឱ្យឆេះខ្ទេចអស់សម្ភារមានក្នុងផ្ទះតែម្តង។ បន្ទាប់ពីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់តាក្តុលទទួលបានព័ត៌មានខាងលើនេះភ្លាមៗក៏បានរាយការណ៍បន្តទៅនគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចុះធ្វើអន្តរាគមន៍ពន្លត់ ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងតែបាញ់ទឹកពន្លត់ ស្រាប់តែជនសង្ស័យបានយកខ្សែក្រវាត់វាយទៅលើសមត្ថកិច្ចឈ្មោះ ផន លីកូ បណ្តាលឱ្យរយៈក្បាលបែកហូរឈាមតែម្តង។
ក្រោយកើតហេតុជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ចំណែកជនរងគ្រោះជាសមត្ថកិច្ចនោះត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យ៕ស្អាងជ័យ