បន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតរកឃើញសាច់មាន់ ឆ្អឹងមាន់ចំនួន៣ទីតាំងចំនួនជាង៧០០គីឡូក្រាមដែលនាំចូលតាមច្រករបៀងពីប្រទេសថៃមកស្តុកទុកដើម្បីចែកចាយកាលពីរសៀលម៉ោង ៣និង១៥នាទីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្សារត្រីក្បែរវិហារចាមស្ថិតក្នុងភូមិបាលិលេយ្យ១សង្កាត់- ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចប្រាប់ថាទីតាំងទី១ ជាកម្មសិទ្ធិរបស់ឈ្មោះឈន់ ឈាន ភេទ ប្រុសអាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរនៅចំណុចកើតហេតុ ទីតាំងទី២របស់ឈ្មោះរុន រ៉ាវី ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងធ្វើធុងបាស់ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតនិងទីតាំងទី៣របស់ឈ្មោះឆុន វ៉ាន់ថុល ភេទ ប្រុស អាយុ ៣១ ឆ្នាំជនជាតិខ្មែរ មុខរបរលក់ទីលំនៅចំណុចកើតហេតុ។
នៅក្នុងប្រតិបត្តិការបង្រ្កាបសាច់មានខូចគុណភាពនេះដឹកនាំដោយលោក យឹម នី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានធ្វើការចុះឆែកឆេរ រកឃើញឆ្អឹងមាន់ ៤៥២គីឡូក្រាមនិងប្រហិត ២៩៦គីឡូក្រាមសរុប ស្មើ៧៤៨គីឡូក្រាម។
ករណីខាងលើលោក ចាប សុផារិទ្ធស្នងការរងទទួលផែនបទល្មើសសេដ្ឋកិច្ចបញ្ជាក់តាមទូរស័ព្ទល្ងាចថ្ងៃដដែលនេះថាឆ្អឹងមាន់និងប្រហិតដែលកម្លាំងលោកចុះបង្ក្រាបខាងលើនោះគឺខូចគុណភាពដោយសារពួកគាត់យកមកមិនបានដាក់ក្នុងទូទឹកកកក្លាសេ្សឲ្យបានត្រឹមត្រូវតាមស្តង់ដា ហើយចំពោះម្ចាស់ទាំងបីទីតាំងយើងមិនទាន់ដឹងថាត្រូវផាកពិន័យឬអប់រំណែនាំនោះទេដោយលោកធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
រីឯប្រហិតនិងឆ្អឹងមាន់ក្រោយពីធ្វើកំណត់ហេតុរួចរាល់ឲ្យកម្លាំងរបស់លោកបានយកទៅដុតបំផ្លាញចោលទាំងស្រុង៕
ដោយ÷វណ្ណា