ព័ត៌មានទាន់ហេតុការណ៍៖

បត់រថយន្តមិនប្រយ័ត្នត្រូវម៉ូតូបុកពីក្រោយរបួសធ្ងន់ស្រាលយុវជន៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖  យុវជនជាសិស្សសាលា៤នាក់បានរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្នបុកជាមួយម៉ូតូពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥នាទីយប់

ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ស្ថិតលើផ្លូវលេខ ៣១៤ ក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា យុវជនរងគ្រោះមាន៖

ទី១.មានឈ្មោះ ជា ប៉ូលីន អាយុ​ ១៨ឆ្នាំ មុខរបរ​សិស្ស រស់នៅភូមិ វាលយន្ដ សង្កាត់​​ស្វាយរៀង ក្រុងស្វាយរៀង ។

ទី២.មានឈ្មោះ ចាន់ សុខសាន្ដ អាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ឃោសាង សង្កាត់ស្វាយតឿ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ។

ទី៣.ឈ្មោះ សៀម ខេវិន  អាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិគយត្របែក សង្កាត់ គយត្របែក ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង។

ទី៤.ឈ្មោះ ឡុង ភក្ដី  អាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវាលយន្ដ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ។

ចំណែកអ្នកបើករថយន្តត្រូវបានគេស្គាល់ឈ្មោះគង់ សុផាត ភេទ ប្រុស អាយុ៣៤ឆ្នាំ មុខរបរមេការសំណង់ រស់នៅភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈឃើញសភាពការណ៍មិនស្រួលក៏រត់គេចខ្លួនភ្លាមៗបន្សល់តែរថយន្តម៉ាកសុីណា  ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ ២BA -១៥០៨ នៅនឹងកន្លែងកើតហេតុ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកសុីណា  ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ ២BA-១៥០៨ ធ្វើដំណើរពីលិចទៅកើតលើផ្លូវលេខ៣១៤ ខណៈនោះក៏បានបត់រថយន្តត្រឡប់ក្រោយ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគី Nex ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង ១N -៦៧៣០ ជិះគ្នា៤នាក់មិនពាក់មួកសុវត្ថិភាពមកពីក្រោយស្របទិសគ្នាចាប់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងបណ្ដាលឱ្យអ្នកបើកម៉ូតូបោកក្បាលនឹងកញ្ចក់រថយន្តតែម្ដង។

ក្រោយមកអ្នករងរបួសត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយនាពេលក្រោយ៕ យឹម សុថាន


ចែករំលែក៖