ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់ខ្លួននៅលើដើមពោធិ៍ជាប់របងវត្តព្រះពុទ្ធឃោសាចារ្យ សង្កាត់ស្រះចក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មានវ័យជាង៣០ឆ្នាំមិនដឹងមានវិបត្តិអ្វីទេបានមកចង.កសម្លាប់ខ្លួននៅលើដើមពោធិ៍ដែលនៅជាប់នឹងរបងវត្តព្រះពុទ្ធឃោសាចារ្យបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកឃើញហេតុការណ៍នេះក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១ និង ០០នាទីថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចមុខវត្តឃោសាចារ្យហៅវត្តសេះ តាមបណ្ដោយផ្លូវលេខ៤៧ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះដែលចងកសម្លាប់ខ្លួននៅលើដើមពោធិ៍ខាងលើមិនទាន់ដឹងពីអត្តសញ្ញាណនៅឡើយទេគឺត្រឹមតែដឹងថាមានវ័យប្រហែលជាង៣០ឆ្នាំ សម្បុរសណ្ដែកបាយ កម្ពស់១,៦០ម៉ែត្រ ពាក់អាវយឺតដៃខ្លីពណ៌សឆ្នូត ដៃអាវនិងកអាវពណ៌ខ្មៅលាយក្រហម ស្លៀកខោខូវប៊យជើងវែង មានសាក់រូបឥន្ធ្រីនៅដៃខាងឆ្វេង។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថានៅមុនពេលកើតហេតុនាវេលាព្រឹកគេឃើញជនរងគ្រោះមកអង្គុយនៅខាងក្រោមដើមពោធិ៍កន្លែងកើតហេតុខាងលើដោយមានទឹកមុខស្រងូតស្រងាត់ហើយក៏បានដើរចុះដើរឡើង រួចហើយបានខ្ចីទូរស័ព្ទរបស់បងប្អូនប្រជាពលរដ្ឋតេដែលមិនដឹងថាគាត់ទាក់ទងទៅខាងណានោះទេ។ លុះមកដល់វេលាម៉ោង ១ និង ០០ នាទីស្រាប់តែមានអ្នករត់ម៉ូតូឌុបម្នាក់មកឈប់នៅខាងក្រោមដើមពោធិ៍ដើម្បីចាំរកម៉ូយ ហើយខណៈពេលដែលគាត់ក្រឡេកមើលទៅលើដើមពោធិ៍ក៏ប្រទះឃើញជនរងគ្រោះចងកស្លាប់នៅលើដើមពោធិ៍បាត់ទៅហើយក៏បានស្រែកឆោឡោផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុនិងបានទាក់ទងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច័យមកត្រួតពិនិត្យសពជនរងគ្រោះហើយបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារចងកខ្លួនឯងប្រាកដមែន។

ក្រោយពិនិត្យសពរួចសមត្ថកិច្ចបានយកសពជនរងគ្រោះទៅតម្កល់ទុកជាបណ្តោះអាសន្ននៅវត្តទួលអស់លោករង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕និន សុភ័ស្ត


ចែករំលែក៖