ខេត្តកំពត៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យសមាគមកសិកម្មខ្នាតតូចនិងមធ្យមចងក្រងខ្សែចង្វាក់ផលិតកម្មក្នុងស្រុក និងការតភ្ជាប់ជាមួយកសិករដែលមានកសិដ្ឋាននិង ដំណាំគ្រប់ប្រភេទ នាំចេញផលិតផល ទៅកាន់ទីផ្សារដែលមានស្រាប់ ពិសេស កសិដ្ឋានចិញ្ចឹមមាន់ស្រែខ្នាតតូច (AIMS) ,រោងចក្រផលិតកែច្នៃសាច់ និងវេចខ្ចប់សាច់មាន់ និងកសិដ្ឋានដាំចេកអំបូងលឿងនៅខេត្តកំពតនេះតែម្ដង ។ លោកបានជំរុញបែបនេះក្នុងឱកាសដែលលោកចុះពិនិត្យស្វែងយល់ពីកសិករចិញ្ចឹមមាន់ស្រែ និងដំណាំធម្មជាតិ គ្រប់មុខ កាលពីរសៀលថ្ងៃទី១៧ កក្កដា ២០២០ ស្ថិតនៅទីតាំងនៃកសិដ្ឋានចិញ្ចឹមមាន់ ស្ថិតក្នុងភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។
លោកប៉ាន សូរស័ក្តិ បានបញ្ជាក់ថា៖ ការចិញ្ចឹមមាន់ស្រែនេះជាផ្នែកមួយនៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)។ ក្រសួងសូមគាំទ្រ និងលើកទឹកចិត្តប្រជាកសិករ ចូលរួមជាមួយគម្រោង AIMS ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងឥណទាន (ប្រាក់កម្ចីដែលមានការប្រាក់ទាប) សម្រាប់ពង្រីកមុខរបរកសិកម្ម ជាពិសេសការចិញ្ចឹមមាន់ស្រែ ដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ។
ក្រសួងពាណិជ្ជកម្ម ធ្វើការសម្របសម្រួល និងស្វែងរកទីផ្សារថ្មីៗជូនប្រជាសហគមន៍ និងវិស័យឯកជន តាមរយៈការចងក្រងសមាគម ការដឹកនាំអភិវឌ្ឍន៍ខ្សែចង្វាក់ផលិតផលក្នុងស្រុក និងការតភ្ជាប់ផលិតកម្មជាមួយទីផ្សារដែលមានស្រាប់ ដើម្បីកាត់បន្ថយការនាំចូលទំនិញពីបរទេស សំដៅលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាធានាការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព។
ជាមួយនេះដែរ លោកក៏បន្តទៅពិនិត្យមើលរោងចក្រផលិតកែច្នៃសាច់ និងវេចខ្ចប់សាច់មាន់របស់ក្រុមហ៊ុន3PLe Farm Co. Ltd ស្ថិតនៅភូមិឈើទាល ឃុំជម្ពូវ័ន ស្រុកជុំគិរី ខេត្តកំពត ដែលផលិតមាន់បានចំនួនប្រមាណ ១,៥លានក្បាលក្នុងមួយឆ្នាំ។ បច្ចុប្បន្នក្រុមហ៊ុនមានកសិដ្ឋានចិញ្ចឹមមាន់មានសមត្ថភាពផ្ទុកមាន់បានចំនួន ៣៥.០០០ក្បាល និង ដែលគ្របដណ្ដប់លើដីទំហំ ៨ហិកតា នៅភូមិព្រៃត្នោត ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ នៅក្នុងឱកាសនោះ លោកប៉ាន សូរស័ក្តិ បានកោតសរសើរដល់ដំណើរការចង្វាក់ផលិតកម្ម និងស្តង់ដារអនាម័យ សុវត្ថិភាពសាច់នៅក្នុងរោងចក្រនេះ ព្រមទាំងលើកទឹកចិត្តឲ្យក្រុមហ៊ុនពង្រីកការផលិត និងចែកចាយផលិតផលរបស់ខ្លួននៅតាមទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារបរទេស។
ក្នុងពេលដំណាលគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានទៅពិនិត្យស្វែងយល់កសិដ្ឋានដាំចេកអំបូងលឿងរបស់ក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ ស្ថិតនៅភូមិជុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
ចំពោះការវិនិយោគ គឺជាការបណ្ដាក់ទុនវិនិយោគរួមគ្នារវាងអ្នកវិនិយោគិនក្នុងស្រុក និងក្រៅស្រុកដែល មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានកម្មករជាង៧០០នាក់បម្រើការងារវេចខ្ចប់ និងដាំកូនចេកបានជាង៣០០ហិកតា ដោយការដាំដុះ និងថែទាំប្រកបដោយបច្ចេកទេសនិងស្តង់ដារ ដើម្បីតម្រូវចិត្ត ក៏ដូចជាស្របតាមតម្រូវការនៃទីផ្សារនាំចេញ។ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលនានាដែលក្រុមហ៊ុនសម្រេចបានក្នុងរយៈពេលដ៏ខ្លី ព្រមទាំងបានសាទរចំពោះភាពឆ្លាតវៃរបស់ក្រុមហ៊ុន ដែលបានចាប់យកឱកាសធ្វើការវិនិយោគ កសិដ្ឋានចម្ការចេកអំបូងលឿង ចំពេលដែលទីផ្សារចេកត្រូវបាននាំទៅប្រទេសចិន។ សមិទ្ធផលនេះ ស្តែងចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យកសិកម្ម និងប្រែក្លាយវិស័យកសិកម្មទៅជាកសិ-ឧស្សាហកម្ម និងវិស័យឯកជនទៅជាកសិពាណិជ្ជករ រួមជាមួយការជំរុញធ្វើទំនើបកម្មកសិកម្មផងដែរ៕
ដោយ៖សំរិត