ខេត្តសៀមរាប៖ អភិបាលស្រុកបន្ទាយស្រី ប្រកាសដាក់ភូមិព្រះដាក់ ឲ្យទៅជាភូមិគោលដៅនៃការរៀបចំភូមិគំរូប្រចាំស្រុក នៅពេលដ៏ខ្លីខាងមុខនេះ ។ តាមរយៈកិច្ចខិតខំរបស់លោកជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី បានប្រកាសជាសាធារណៈនៅមុខប្រជាពលរដ្ឋក្នុងពិធីចែកកូនឈើដល់ប្រជាពលរដ្ឋនៅក្នុងភូមិព្រះដាក់កាលពីសៀលថ្ងៃទី១៦ ខែកក្កដា ២០២០កន្លងទៅថ្មីៗនេះថា ៖ រដ្ឋបាលស្រុកបន្ទាយស្រី នឹងប្រកាសដាក់ភូមិព្រះដាក់ ឲ្យទៅជាភូមិគោលដៅនៃការរៀបចំ”ភូមិគំរូប្រចាំស្រុកបន្ទាយស្រី”នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែយើងនឹងមានកិច្ចការច្រើនទៀតដែលត្រូវសហការគ្នា ព្រោះថា ដែលហៅថាភូមិគំរូនោះ គឺទាមទារឲ្យមានប្រជាពលរដ្ឋគំរូដែរទើបអាចទៅរួច និងមាននិរន្តរភាពទៅបាន ដូច្នេះការចូលរួមស្រឡាញ់ចេះជួយថែរក្សា គឺជាចំនុចចាប់ផ្តើមដំបូង មុននឹងយើងធ្វើការផ្សេងៗទៀតជាមួយគ្នា ។
លោក ឃឹម ហ្វីណង់ បញ្ជាក់ទៀតថា ៖ តាមការពិតលោកចង់ដាំដើមធ្នង់ធំៗត្រង់ចំនុចផ្លូវក្រាលបេតុងដែលមានគេលក់នំបញ្ចុកនេះទេ ព្រោះមើលទៅវាហែងក្តៅភ្នែកពេក គ្មានដើមឈើសូម្បីតែមួយដើម មិនសមជា”ភូមិបេតិកភណ្ឌ”សោះ តែបងប្អូននៅក្នុងភូមិសំណូមពរមកវិញ ថាចង់បានដើមផ្កាចម្ប៉ា ហើយសន្យាថានឹងរៀបចំកឥដ្ឋជាកំផែង ដាំផ្កានៅជើង និងស្រោចទឹកថែទាំដោយខ្លួនឯង បើស្រុកជួយរកផ្កានេះឲ្យបាន ព្រោះថា”ស្លឹកវាស្អាត ឫសវាមិនសូវចាក់ ហើយបានផ្កាក្រអូបទៀត” ហេតុនេះដើមផ្កាចម្ប៉ាជំទង់ៗទាំង៣៣ដើមនេះ គ្រាន់តែជាជំហានដំបូង និងជាផ្នែកតូចមួយនៃការរៀបចំឡើងវិញនូវអត្តសញ្ញាណចាស់នៃភូមិបុរាណមួយនេះតែប៉ុណ្ណោះ ដូច្នេះឥឡូវដឹងហើយថា បើថ្ងៃណាមួយ មកហូបនំបញ្ចុកនៅព្រះដាក់ ហើយឃើញក្មេងៗលក់ផ្កាចម្ប៉ានៅទីនេះ ផ្កាទាំងនោះប្រហែលជាមកពីដើមក្បែរៗនេះហើយ កុំឆ្ងល់អី ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប